មន្ត្រីយោធាម្នាក់បាញ់បងថ្លៃ៣គ្រាប់រងរបួសធ្ងន់ក្រោយផ្ទុះហឹង្សាជាមួយប្រពន្ធ រួចរត់គេចខ្លួនសមត្ថកិច្ចកំពុងតាមចាប់
ភ្នំពេញ៖ បុរសជាមន្ត្រីយោធាម្នាក់បានដកកាំភ្លើងខ្លីបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានគេបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត រួចហើយខ្មាន់កាំភ្លើងជាមន្ត្រីយោធារូបនោះបានរត់គេចខ្លួនបាត់ស្រមោល
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រពភបានឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើងមានឈ្មោះ រស់ សូឌី ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ឯក ស្នាក់នៅផ្ទះកើតហេតុ (កំពុងរត់គេចខ្លួន)។ ចំណែក ជនរងគ្រោះដែលត្រូវជាបងថ្លៃមានឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ (រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត)។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានទំនាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធរហូតឈានដល់ប្រើអំពើហឹង្សាឃើញ ដូច្នេះ ជនរងគ្រោះដែលត្រូវជាបងថ្លៃបានចូលឃាត់ ជាហេតុបណ្តាលឲ្យជនបង្ករខឹងបានដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក)បាញ់ចំនួន៣គ្រាប់បណ្ដាលឲ្យចំដៃទាំងសងខាងនិងខ្នងជនរងគ្រោះរងរបួសធ្ងន់ភ្លាមៗត្រូវបានគេបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត ចំណែនជនបង្កបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប់៕