ជនសង្ស័យ៦នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនជាបន្តបន្ទាប់និងដកហូតគ្រឿងញៀនបានមួយចំនួន
កំពង់ស្ពឺ៖ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាលស្រុកចំនួន២ដែលដឹកនាំដោយផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវនិងបង្ក្រាប មុខសញ្ញាចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់បានចំនួន៦នាក់នៅទីតាំងផ្សេងពីគ្នានិងដកហូតគ្រឿងញៀនបានមួយចំនួន ៖ ដោយទីតាំងទី០១សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅវេលាម៉ោង០៦និង០០នាទី ល្ងាចថ្ងៃទី ០៩ខែមិនាឆ្នាំ២០២០ នៅចំណុចភូមិសំបុកគ្រៀល ឃុំក្រាំងចេក ស្រុកឧដុង្គ ។
ជនសង្ស័យ៤នាក់ដែលនគរបាលឃាត់ខ្លួនរួមមាន ៖ ទី០១/ មានឈ្មោះ រ៉េត រ៉ាហ្វុង ភេទប្រុសអាយុ២៤ឆ្នាំ/ ២-ឈ្មោះ រ៉េត លីម៉ាកូ ភេទប្រុស អាយុ១៩ឆ្នាំ / ៣-ឈ្មោះ ឃុន គង់គីម ភេទប្រុស អាយុ២៤ឆ្នាំ/៤-ឈ្មោះ ទឹម ឌីណា ភេទប្រុសអាយុ១៦ឆ្នាំ អ្នកទាំង៤នាក់រស់នៅភូមិត្នោត ឃុំក្រាំងចេក ស្រុកឧដុង្គ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៨កញ្ចប់-ទូរស័ព្ទដៃ៣គ្រឿង-អាវុធកែច្នៃ២-ដាវ១ដើម រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ចំណែក២នាក់ទៀតឃាត់ខ្លួននៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៩ខែមិនាឆ្នាំ២០២០ នៅចំណុចភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ។ ដោយជនសង្ស័យទី០១/ មានឈ្មោះ ហ៊ុង សុភ័ស ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី / ២-ឈ្មោះ វ៉ែន សុខនី ស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិសែនដី ឃុំសែនដី ស្រុកសំរោងទង ដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១៨កញ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀន២ -ទូរស័ព្ទដៃ ៣គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយនិងវត្ថុតាងត្រូវបានបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការបន្តតាមនីតិវិធីច្បាប់ ៕