កម្ពុជារកឃើញករណីវីរុសCovid-19 មួយទៀតហើយ នៅលើខ្លួនស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ចូលមកកម្ពុជាពីប្រទេសវៀតណាម
ភ្នំពេញ៖ នាព្រលប់ថ្ងៃទី១០ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលបានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីករណីវីរុសកូវីដ១៩ ៖ ក្នុងសន្និសីទសារព័ត៌មាននោះដែរលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ក្រសួងសុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ១៩ មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេសរណ៍ ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម។ នេះគឺជាករណីទី៣ នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី១ នៅលើខ្លួនជនជាតិចិនដែលត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងករណីទី២ នៅលើខ្លួនជនជាតិខ្មែរអាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។
លោករដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងទៀតថា នៅរសៀលម៉ោង៤ និង៣០នាទី ថ្ងៃទី១០ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ មានវិជ្ជមានវីរុសCovid-19ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលមានផ្ទុកមេរោគ Covid-19 គឺជាអ្នកដំណើរតាមនាវាឈ្មោះ Viking Cruise Journeyចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញសំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណរ និងបន្តទៅចូលចតក្នុងទីរួមខេត្តកំពង់ចាម៕