Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ហេតុអ្វី កូនទាហានជិត ៣០០គ្រួសាររងចាំដីដែលរដ្ឋចែកជាច្រើនឆ្នាំមិនបានសូម្បីមួយដុំ ចំណែកមេទាហានបានដីម្នាក់ៗរាប់សិបហិកតា រហូតសល់លក់?

(ព្រះវិហារ) បន្ទាប់ពីទំនាស់ព្រំដែនរវាងកម្ពុជាថៃ នៅខេត្តព្រះវិហារហាក់ស្រាកស្រាន្តរាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយផ្តល់ដីសង្គមកិច្ចជូនគ្រួសារបងប្អូនកងទ័ពដែលបានឈជើងការពារជាតិមាតុភូមិនៅតាមបន្ទាត់ព្រំដែន រស់នៅអាស្រ័យផលធ្វើស្រែចំការចិញ្ចឹមជីវិត។

ប៉ុន្តែពុំដូចអ្វីដែលបានរំពឹងទុកឡើយ ព្រោះ បើយោងតាមសេចក្តីរាយការណ៍មកថា មានគ្រួសារយោធាយ៉ាងហោចណាស់ជិត ៣០០គ្រួសារ នៃវរសេនាតូចលេខ ៣៨៥ ចំណុះឲ្យកងពលតូចលេខ៨ នៅពុំទាន់ទទួលបានចំណែកដីដែលរាជរដ្ឋាភិបាល សម្រេចបែងចែកឲ្យពួកគាត់នៅឡើយទេ។

គ្រួសារកងទ័ព ដែលពុំទាន់បានដីដែលរដ្ឋចែក ជិត៣០០គ្រួសារ បានលើកឡើងថា ពួកគាត់បានរងចាំជាច្រើនឆ្នាំមកហើយ តែដីជាង ១០០០ហិកតា ដែលថ្នាក់លើរបស់ពួកគាត់ ដាក់ពាក្យស្នើទៅថ្នាក់ជាតិដើម្បីសុំយកបែងចែកឲ្យកូនចៅនោះ គឺបានតែមេៗ និងអ្នកសុំតែប៉ុណ្ណោះ ចំណែកកូនចៅៗបានត្រឹមតែអង្គុយមើលមេៗចែកដីគ្នាម្នាក់ៗ រាប់សិបហិកតា។

ប្រភពបន្ថែមថា ក្រៅពីយកដីដែលរាជរដ្ឋាភិបាលប្រគល់ឲ្យគ្រួសារកូនទាហានយកទៅចែកគ្នាអស់ចិត្ត មេៗទាហាន ក៏បានយកដីនោះជាច្រើនហិកតាទៅលក់ឲ្យឈ្មួញយកលុយចែកគ្នាចាយសប្បាយយ៉ាងរំភើយ គ្មានគិតអាណិតអាសូរ កូនចៅសូម្បីតែបន្តិចឡើយ។

សូមជម្រាបថា ការបែកធ្លាយព័ត៌មានអំពីភាពមិនប្រក្រតី នៃការបែងចែកដីធ្លីជូនគ្រួសារកងទ័ពនេះ បានលេចចេញនៅគ្រាដែល លោកវរសេនីយ៍ឯក សៀ រឿន មេបញ្ជារការរងកងពលតូចលេខ៨ បានប្រើគ្រឿងចក្រទៅឈូសឆាយដីជិត ១០០ហិកតា ដែលរាជរដ្ឋាភិបាលសម្រេចទុកឲ្យគ្រួសារយោធា នៃវរសេនាតូចលេខ ៣៨៥ យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនបានបែងចែកឲ្យកូនចៅតាមគោលការណ៍ដែលថ្នាក់ជាតិបានកំណត់ និងប្រគល់ឲ្យ។

គួរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៧ អាជ្ញាធរថ្នាក់ជាតិ និងខេត្តព្រះវិហារ បានសម្រេចប្រគល់ដីទំហំ ,១២៥ហិកតា នៅចំណុចភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជូនវរសេនាតូចលេខ ៣៨៥ ដែលចំណុះឲ្យកងពលតូចលេខ៨ ដើម្បីបែងចែកជូនដល់គ្រួសារកងទ័ពប្រមាណជាជិត ៣០០គ្រួសារ យកទៅប្រើប្រាស់អាស្រ័យផលស្របច្បាប់។

ប៉ុន្តែរហូតមកដល់ពេលនេះ មានតែមន្ត្រីជាមេគ្រាក់ៗពាក់ស័ក្តិ ពាក់ផ្កាយពេញស្មា និងគ្រួសារសាច់ញាតិរបស់មេៗតែប៉ុណ្ណោះដែលទទួលបានដីដែលរដ្ឋប្រគល់ឲ្យ ចំណែកគ្រួសារកូនទាហានរាប់រយគ្រួសារទៀតគឺពុំទាន់បានដីសូម្បីមួយដុំនៅឡើយទេ។

ជុំវិញការបែកធ្លាយព័ត៌មានអំពីភាពមិនប្រក្រតី នៃនីតិវិធីចែកដីសង្គមកិច្ចជូនគ្រួសារយោធាវរសេនាតូចលេខ ៣៨៥ខាងលើនេះ លោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចលេខ៨ បានប្រាប់ អ្នកសារព័ត៌មានថា លោកនៅពុំទាន់បានជ្រាបពីរឿងនេះនៅឡើយទេ។

ចំណែកលោកវរសេនីយ៍ឯក សៀ រឿន មេបញ្ជាការរងកងពលតូចលេខ៨ ដែលមានចំណែកដីរាប់សិបហិកតានៅក្នុងតំបន់ដែលរដ្ឋសម្រេចឲ្យចែកជូនគ្រួសារកូនទាហាររបស់លោកបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំគ្មានដីឯណាដល់ទៅខ្ទង់រយខ្ទង់ពាន់ហិកតាទេ តែបើដី៣០ ឬ៤០ហិកតា ខ្ញុំមានមែន។ ហើយដីត្រឹម ៣០ ទៅ៤០ហិកតា វាមិនច្រើនទេសម្រាប់ខ្ញុំជាមេដឹកនាំមួយរូប។»

លោកស័ក្តិ៥ សៀ រឿន បន្តថា «រឿងគេចោទថាខ្ញុំ យកដីខាងលើទៅលក់នោះ គឺអ្នកថាចេះតែថាព្រោះពួកគេមិនយល់សាច់ការនោះទេ បើមិនលក់ដីខ្លះបានលុយឯណារត់ការឯកសារទៅថ្នាក់លើដើម្បីបានដីទាំងអស់គ្នា

លោក សៀ រឿន បន្ថែម «ចុះអ្នកការសែតមិច មិនទៅសួរ ឯកឧត្តម ស្រី ឌឹក មេបញ្ជារករកងពលធំលេខ៣ ផងតើគាត់បានលុយមកពីណាធ្វើសណ្ឋាគារធំល្វឹងល្វើយ? ចំណែកឯដីស្រែចំការ វិញមានចំនួនរាប់រយហិកតាតើឯកឧត្តម ស្រី ឌឹក បានមកពីណា? ឬមួយដីទាំងអស់នោះជាដីកេរអាកររបស់ផងគាត់

គ្រួសារយោធាក្រីក្រ និងគ្មានសែជាមេដឹកនាំ ក្នុងវរសេនាតូចលេខ៣៨៥ និងកងពលតូចលេខ៨បានសំណូមពរដល់ថ្នាក់ដឹកនាំ ដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ដែលជាកូនទាហានតូចតាច ដែលតែងតែគោរពកោតខ្លាចមេបញ្ជាការរបស់ខ្លួន និងហ៊ានលះបង់ជីវិតដើម្បីការពារជាតិមាតុភូមិ ប៉ុន្តែលទ្ធផលចុងក្រោយបែរជាមេៗរបស់ពួកគាត់ យកពួកគាត់ធ្វើជាឈ្នាន់ដើម្បីកេងយកប្រយោជន៍រាងៗខ្លួន មិនគោរពតាមអនុសាសន៍របស់សម្តេចទាំងទ្វេ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ៕(ANN007)