Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ហួសចិត្ត ! មន្ត្រីនគរបាល​ម្នាក់លួចកាច់សោរ​ម៉ូតូគេ​ ម្ចាស់ទាន់ស្រែកឆោឡោ​ ផ្អើលប្រជា​ពលរដ្ឋដេញចាប់វាយទ្រោមខ្លួន

ភ្នំពេញ៖​ មន្ត្រីនគរបាលម្នាក់ក្លាយទៅជាជន​សង្ស័យ​ លួចកាច់សោរ​.ក​ម៉ូតូគេ​ ​ត្រូវបាន​បងប្អូនប្រជាពលរដ្ឋដេញចាប់​បានវាយឡើងទ្រោមខ្លួន
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីយប់ថ្ងៃទី១០ខែមិនាឆ្នាំ២០២០នៅតាមបណ្ដោយ​ផ្លូវ​ វេងស្រេង ក្បែរសួនកាណាឌីយ៉ា ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់​ចោមចៅ១ ខណឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំ​ពេញ​ ។

ជនសង្ស័យមានឈ្មោះ លន់ ភារិទ្ធ ភេទ​(ប)​អាយុ២៨ឆ្នាំ ស្នាក់នៅ សង្កាត់ព្រែកឯង ខណ្ឌ​ច្បារអំពៅ មានស្រុកកំណើត ភូមិប្រមាត់ដី ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ។​ ចំណែកជនរងគ្រោះមានឈ្មោះ​ ឈិន លក្ខណា ភេទ​ស្រី​ អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ និងគ្រឿង​មានស្រុក​កំណើត ភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ឯម៉ូតូដែល​ជនសង្ស័យ ប៉ុនប៉ងលួច ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាក​លេខ ភ្នំពេញ1FH-3378 ។

ជនសង្ស័យ បានសារភាពថា រូបគេ ជាមន្ត្រីនគរ​បាលជាតិ នៅក្រសួងមហាផ្ទៃ ផ្នែកភស្តុភារ បន្ទាប់ពីឆែកនៅខ្លួន ដកហូតបាន ឧបករណ៍កាច់សោ និងកាតនគរបាលជាតិ។

បើតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា​ មុន​ពេលកើត​ហេតុ គាត់វិលពីដឹកឥវ៉ាន់ មកពីផ្សារជម្ពូវ័ន ចតម៉ូតូទុកនៅខាងមុខកន្លែងលក់ដូរ រវល់តែ​ចូលទៅក្នុង លុះវេលាម៉ោងកើតហេតុគាត់ឮសូរសំទ្បេងបញ្ឆេះម៉ូតូ គាត់ចេញមក​ក្រៅមើលឃើញជនសង្ស័យ កំពុងបញ្ឆេះ បម្រុងជិះចេញ គាត់ក៏ស្រែហៅ​ប្តី និងឆោឡោ ផ្អើលដល់ពលរដ្ឋ ជួយដេញចាប់ជនសង្ស័យបាន រួចស្វាគមន៍ម្នាក់មួយដៃ មួយជើង បណ្ដាលឲ្យបែកមុខហូរឈា​មរួច​ប្រគល់ឲ្យ​សមត្ថកិច្ច នាំខ្លួនទៅសាកសួរ នៅ​ប៉ុស្តិ៍នគរ​បាលចោមចៅ១ ហើយជនរង​គ្រោះ​ក៏បានទៅដាក់ពាក្យបណ្ដឹង។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង​សំណុំរឿង ដើម្បីបញ្ជូនអធិការខណ្ឌ ពោធិសែនជ័យ​ ចាត់ការបន្តតាមនិតិវិធី៕