តុលាការសម្រេចឃុំខ្លួនមន្ត្រីជាន់ខ្ពស់ នៃសាលាខេត្តកំពតម្នាក់ ពាក់ព័ន្ធករណីពុករលួយ
(កំពត)៖ លោក អ៊ី ឃាង ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក ដែង សុវណ្ណាវុធ អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត ពាក់ព័ន្ធបទល្មើសពុករលួយ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៦០ របស់សាលាដំបូងខេត្តកំពត ដែល អ្នកសារព័ត៌មានទទួលបាន បញ្ជាក់ថា លោក ដែង សុវណ្ណាវុធ អនុប្រធានការិយាល័យគាំទ្រមូលដ្ឋាននៃទីចាត់ការផែនការវិនិយោគសាលាខេត្តកំពត ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួនបន្ទាប់ពីរកឃើញថា បានប្រព្រឹត្តបទល្មើស វីតិក្រម និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តកំពត កាលពីអំឡុងឆ្នាំ២០១៦ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ យោងតាមតាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ដែលបានបញ្ញត្តិនៅក្នុងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ, មាត្រា ៣ថ្មី និងមាត្រា ២៩ថ្មី១ នៃច្បាប់ស្តីពី វិសោធនកម្ម, មាត្រា ៣ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
បើយោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់ថា លោក ដែង សុវណ្ណាវុធ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តកំពត ឃាត់ខ្លួននៅក្នុងអាហារដ្ឋានមួយកន្លែងយីហោ «សប្បាយ សប្បាយ» ស្ថិតក្នុងភូមិគ្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត៕