Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រសួងព័ត៌មានបានប្រមានចាងហ្វាង ចក្រវាឡ CKV tvonline ខ្លាំងៗបើមិនកែខ្លួនប្រឈមនឹងការដកអាជ្ញាប័ណ្ណ

ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពី​សំណាក់មហា​ជន ! នាវេលាម៉ោង១០ព្រឹកថ្ងៃទី១៣មីនា ឆ្នាំ២០២០នេះ​ នាយកដ្ឋានមណ្ឌលព័ត៌មាន បានកោះហៅ លោក ចាន់ ឬទ្ធី ចាងហ្វាង គេហទំព័រ​ សារព័ត៌មាន CKV online មកធ្វេីការអប់រំ ណែនាំជាលេីកទីពីរ។

ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយក​ដ្ឋានមណ្ឌលព័ត៌មាន បានណែនាំលោក ចាន់ ឬទ្ធី ចាងហ្វាងគេហទំព័រព័ត៌មាន ចក្រវាឡ CKV tvonline ដែលចេញផ្សាយព័ត៌មាន​(ផ្សាយផ្ទាល់)នូវព័ត៌មានមួយចំនួនដែលមានកាយវិការនិងពាក្យពេជ្រមិនសមរម្យដែលមើលទៅខ្វះនូវក្រមសីលធម៌និងវិជ្ជាជីវៈ​ជាអ្នកសារព័ត៌មាន។

ឯកឧត្តម យ៉ែម ណយ បានមានប្រសាសន៍ធ្ងន់ៗថាក្នុងនាមជាអ្នកសារព័ត៌មានគឺមិនត្រូវធ្វើខ្លួនខុសពីច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន ដែលតាំងខ្លួនឯងជាមន្ត្រីប៉ូលីស ជាតុលាការ ជាមេធាវី និងជាអ្នកសម្របសម្រួល ឬក៍​ដោះ​ស្រាយបញ្ហាថាអ្នកនេះខុសអ្នកនោះត្រូវនោះទេ។

ឯកឧត្តមមានប្រសាសន៍បន្ថែម កាលថ្ងៃទី​១៤ខែមករាឆ្នាំ២០២០ ក្នុងពិធីជួបជុំលើក​ទី៤​រវាងសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នក​សារព័ត៌មានក្នុងស្រុកទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន ក៍បានផ្តល់នូវ អនុសាសន៍ដល់អ្នកសារព័ត៌មានដែរ ដោយ​មានពាក្យស្លោក កុំពានអ្នកដ៏ទៃកុំបំភ្លៃកាពិត តែអ្វីដែលលោក ចាន់ ឬទ្ធី ចាងហ្វាងចក្រវាឡ​ បានអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់កន្លងមកគឺបានបំពានអ្នកដ៏ទៃហើយបំភ្លៃការពិត ដែលក្រសួងព័ត៌មានមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់ធ្វើនូវទង្វើបែប​នេះឡើយ។

ក្រោយទទួលនូវការទូមានអប់រំជាលើក​ទី២​លោក ចាន់ ឬទ្ធី បានសន្យាថាខ្លួននិងមិនធ្វើ​ឲ្យខុសពីក្រមសីលធម៌ និង វិជ្ជាជីវៈ ជាអ្នក​សារព័ត៌មានទៀតឡើយ ហើយលោកក៍​បានសន្យាថានិងធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរព្រមទទួលនូវការអប់រំពី ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាន​ នាយកដ្ឋានមណ្ឌលព័ត៌មាន៕