ឆេះឃ្លាំងស្តុបនិងលក់គ្រឿងសង្ហារឹមនៅខណ្ឌសែនសុខ!ផ្អើលសមត្ថកិច្ចទាំងយប់
ភ្នំពេញ៖ ឃ្លាំងស្តុបសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ ខូចខាតគ្រឿងសង្ហារឹមមួយចំនួនធំ
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចឃ្លាំងស្តុកគ្រឿងសង្ហារឹមលក់ដុំនិងរាយ យីហោ(បញ្ញាលក់គ្រឿងសង្ហារឹម )ផ្លូវ ៥៨P ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយឃ្លាំងដែលជាចំនុចរោងជាងកែច្នៃគ្រឿងសង្ហារឹម ហើយក៏ចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរខាង នាំគ្នារាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ជើងញាប់ដៃដោយប្រើពេលវេលាប្រហែលមួយម៉ោងទើបរលត់ទៅវិញទាំងស្រុង។
ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យនោះគេសង្កេតឃើញវត្តមាន លោក ហួរ ម៉េងវ៉ាង ដែលជាអធិការនគរបាល ខណ្ឌសែនសុខ បានដឹកនាំបញ្ជាកម្លាំងចុះទៅដល់កន្លែងកើតហេតុជួយអន្តរាគមន៍បាញ់ពន្លត់យ៉ាងសស្រាក់សស្រាំផងដែរ ។
សមត្ថកិច្ចបានអោយដឹងថា ក្នុងហេតុការណ៍ពន្លត់អគ្គីភ័យខាងលើកម្លាំងជំនាញបានប្រើបាស់រថយន្តពន្លត់អគ្គីភ័យចំនួន២០គ្រឿងនិងបាញ់ទឹកអស់២៥ឡាន ចំពោះករណីអគ្គីភ័យនេះសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថាសង្ស័យមកពីឆ្លងចរន្តអគ្គិសនី ។ ចំណែកសម្ភារៈខូចខាតមានគ្រឿងសង្ខារឹមកែច្នៃរួចមួយចំនួនធំនិងរោងកែច្នៃគ្រឿងសង្ហារឹមផ្នែកខាងក្រោយឆេះអស់ទាំងស្រុងតែមិនបង្កឲ្យមានអ្នករងរបួសក្នុងហេតុការណ៍នេះទេ៕