អាសូរណាស់! ប្ដីប្រពន្ធ២នាក់ត្រូវរថយន្តដឹកដែករបស់ក្រុមហ៊ុនCamel បើកបុកផ្ដាច់ជីវិត ស្លាប់យ៉ាងអាណោចអធម៌នៅផ្លូវ៥០ម៉ែត្រ
ភ្នំពេញ ៖ បុរសស្ត្រី២នាក់ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាមកឈប់ចាំស្តុប ត្រូវរថយន្តធន់ធំដឹកដែករបស់ក្រុមហ៊ុនCamel បើកមកបុកពីក្រោយនិងកិនស្លាប់គួរឲ្យរន្ធត់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ខែមិនាឆ្នាំ២០២០ នៅចំណុចស្តុប (៨៨៨៨) តាមបណ្ដោយផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសស្ត្រីរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BT-1752 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើងលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានឈប់ស្តុបដើម្បីរង់ចាំភ្លើងខៀវ ។
ប្រភពបានបន្តថា ខណៈដែលជនរងគ្រោះកំពុងតែឈប់នោះ ស្រាប់តែមានរថយន្តធន់ធំដឹកដែករបស់ក្រុមហ៊ុនខេសុី មិន ពាក់ស្លាក លេខ កោះកុង3A-0390 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៏បានជ្រុលទៅបុក ជនរងគ្រោះ ពីក្រោយពេញទំហឹងរួចកិនជនរងគ្រោះស្លាប់យ៉ាងអាណោចអធម៌ ភ្លាមៗអ្នកបើកបររថយន្តបានព្យាយាមបើកគេចទាំងម៉ូតូនៅក្រោមរថយន្តបានប្រហែលជាង១០០ម៉ែត្រត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញចាប់ តៃកុងបានយកទៅអធិការខណ្ឌដង្កោសួរនាំ។
សមត្ថកិច្ចបានអោយដឹងថា សពជរងគ្រោះទាំងពីរនាក់ខាងលើ ទី១/ ឈ្មោះ សុខ ចាន់ធូ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ(ត្រូវជាប្រពន្ធ ) ទី២ឈ្មោះ រុន រាប ភេទប្រុស អាយុ៤៦ ឆ្នាំមុខរបរជាងប៉ះកង់ (ត្រូវជាប្តី) ហើយអ្នកទាំងពីរស្នាក់នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ សុិម ពន្លក មុខរបរបើកឡាន។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងនិងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ច្បាប់។ ចំណែកជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕