Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សម្ដេចក្រ​ឡា​ហោម ស ខេង៖ រយៈពេល ៥ថ្ងៃ​ចុងក្រោយ​នេះ ពលរដ្ឋខ្មែរ​វិល​ពី​ថៃ​ចូល​កម្ពុជា ជាង៤ម៉ឺន​នាក់​

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី២២ដល់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរ​មូលដ្ឋាន​ទូទាំង​ប្រទេស បាន​ក្ដាប់​ចំនួន​ប្រជាពលរដ្ឋ​វិល​ពី​ប្រទេស​ថៃ​ទៅដល់​ស្រុកកំណើត​មាន​ប្រមាណ​ជាង ៤ម៉ឺន​នាក់។

សម្ដេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​បែបនេះ ពេល​អញ្ជើញ​ជួប​សំណេះ​សំណាល​ដោយ​ផ្ទាល់​ជាមួយ​មន្ត្រី​នៃ​អង្គភាព និង​ស្ថាប័ន​នានា ដែល​កំពុង​បំពេញភារកិច្ច​នៅ​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន កម្ពុជា​-ថៃ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ ដែល​ពិធី​ជួប​សំណេះសំណាល​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់។

សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​ថា ការ​ក្ដាប់​វត្តមាន​របស់​ប្រជាពលរដ្ឋ​ដែល​ទើប​ត្រឡប់​ចូល​ពី​ប្រទេស​ថៃ មាន​សារៈសំខាន់​ណាស់ ដូច្នេះ​អភិបាល​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ឃោសនាអប់រំ​ផ្សព្វផ្សាយ​នៅ​ចំ​ណុ​ចក្ដៅៗ​នៃ ការ​ឆ្លង​ជំងឺ Covid​-19 ដល់​ប្រជាពលរដ្ឋ​ពិសេស​ការ​នៅ​ជួបជុំគ្នា ដ្បិត​បើ​តាម​ភាគី​វៀតណាម​ចែករំលែក​បទ​ពិសោធ​មក​នោះ គឺ​ពល​រដ្ឋ​វៀតណាម្នាក់​ដែល​មក​ពី​វូ​ហាន​បាន​ចម្លង​អ្នកភូមិ ៥នាក់​ឯណោះ។

សម្ដេច​ក្រឡាហោម ស ខេង បាន​បង្ហាញ​សេចក្ដីសង្ឃឹម​ជឿជាក់​ថា ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​អាជ្ញាធរ និង​កងកម្លាំង​ចំណុះ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ទាំងអស់ និង​បណ្ដា​រាជធានី​-ខេត្ត បន្ត​ខិតខំ​បំពេញភារកិច្ច ពិសេស​នៅក្នុង​ស្ថានភាព​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid​-19​ ឱ្យ​មានប្រសិទ្ធ​ភាព​ខ្ពស់​៕