Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ខណៈករណីកូវីដ១៩​មាន​ការកើនឡើងជាបន្ដបន្ទាប់

MC៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈករណីកូវីដ១៩មានការកើនឡើងជាបន្ដបន្ទាប់ ពិសេសចូលរួមអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល និងជ្ញាធរដែនដីជប៉ុន។
យោងតាសេខក្ដីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សាធ្វើការ ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ អំពីស្ថានភាពនៃការរីករាលដាលនៃកូរវីដ ១៩ និងវិធានការទប់ស្កាត់របស់រដ្ឋាភិបាលនិងអាជ្ញាធរដែនដីជប៉ុន។
សេចក្ដីជូនដំណឹងដដែលបន្ដថា ករណីឆ្លងកូវីដ១៩ នៅប្រទេសជប៉ុនមានចំនួនកើនឡើងជារៀងរាល់ថ្ងៃហើយរហូតមកដល់ម៉ោង ១៤ និង 00 នាទីថ្ងៃនេះមានចំនួន ២០២៥ ជាពិសេសនៅទីក្រុងតូក្យូមានចំនួនកើនឡើង៣ថ្ងៃជាប់គ្នាគឺ ១៦ករណីនៅថ្ងៃទី២៣ ១៧ ករណីនៅថ្ងៃទី ២៤ និង ៤១ ករណីនៅថ្ងៃទី ២៥ ខែមីនា ដែលធ្វើឲ្យទីក្រុងតូក្យូមានចំនួនអ្នកឆ្លងសរុប ២១២ នាក់ច្រើនជាងគេបំផុតនៅប្រទេសជប៉ុន។ រដ្ឋាភិបាលក្រុងតូក្យូស្នើចៀសវាងការជួបជុំគ្នាមិនចាំបាច់នៅទីសាធារណៈរហូតដល់ថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២០ ធ្វើការងារពីផ្ទះកាន់តែច្រើនកាលបើអាចធ្វើបាននិងសូមចៀសវាងទៅទទួលទានអាហារនៅភោជនីយដ្ឋាន។
ប្រភពបន្ថែមថា អ្នកជំនាញខាងកូវីដ១៩ ព្រមានថានៅជប៉ុនអាចមានរលកឆ្លងលើកទី ២ ដោយសារមានប្រជាជនជប៉ុនដែលត្រឡប់ចូលប្រទេសវិញមានផ្ទុកកូរ៉ូណា។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់បម្រាមកម្រិត ២ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរួមទាំងទៅប្រទេសកម្ពុជាផងដែរ។ កម្រិត ២ មានន័យថា មិនគួរធ្វើដំណើរបើមិនចាំបាច់។
ប្រភពដដែលបានឲ្យដឹងទៀតថា ដោយការឆ្លងកូវីដ១៩ នៅប្រទេសជប៉ុននៅតែបន្តកើតឡើងគួរឲ្យបារម្ភជាពិសេសនៅទីក្រុងតូក្យូ ស្ថានទូតសូមអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុនសូមបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត សូមប្រកាន់ខ្ជាប់នូវអនាម័យល្អចៀសវាងការជួបជុំគ្នាច្រើនអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំអំពីវិធានការ ការពាររបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន។
ករណីបងប្អូនចង់ប្រឹក្សាយោបល់សូមទាក់ទងហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ទូរស័ព្ទក្រុមការងារស្ថានទូត ០៨០ ៤៦៨៩ ៩៣៧៤ សម្រាប់សហគមន៍និងនិស្សិត និង ០៨០ ៣៤៥៩ ៧៨៨៩ សម្រាប់កម្មសិក្សាការី និងពលករជំនាញ និងទូរស័ព្ទ Hotline របស់អាជ្ញាធរជប៉ុន ០៣ ៥៣២០ ៤៥៩២ សម្រាប់មណ្ឌលប្រឹក្សាយោបល់នៅតូក្យូនិង ០៥០ ៣៨១៦ ២៧៨៧ សម្រាប់ភ្ញៀវទេសចរ៕