ស្រវឹងស្រាបើករថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបុករះផ្ទះប្រជាពលរដ្ឋនិងម៉ូតូរួចព្យាយាមបើករត់គេចបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាច្រើនខណ្ឌដេញចាប់
ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តពាក់ស្លាកលេខខេមរភូមិន្ទបុករះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងម៉ូតូកង់បីមួយគ្រឿងនិងម៉ូតូឌ្រីមសង់មួយគ្រឿងរួមទាំងសម្ភារៈមួយចំនួនទៀតរងការខូចខាតយ៉ាងដំណំរួចហើយបានព្យាយាមបើករត់គេច បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាច្រើនខណ្ឌដេញចាប់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង១០នាទីរំលងអាធ្រាតឈានចូល ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០ នៅចំណុចស្ពានទី២ មុខមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសដែលជាម្ចាស់រថយន្តបង្កបានផឹកស៊ីនៅផ្ទះរបស់គេនៅខាងក្រោយវត្តទូលសង្កែ ចំណុចផ្លូវរថភ្លើងក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ហើយបានហៅរូបគាត់ដែរនៅផ្ទះក្បែរគ្នាទៅចូលរួមផឹកស៊ីជាមួយគ្នាដែរ បន្ទាប់មកប្រពន្ធគាត់បានខលហៅឲ្យមកផ្ទះវិញស្រាប់តែម្ចាស់រថយន្តបង្កបានសុំលាគេ ដើម្បីមកផឹកស៊ីនៅផ្ទះរបស់គាត់ដែរ ពេលផឹកស៊ីចប់ម្ចាស់រថយន្តបង្កបានឡើងបើករថយន្តរបស់ខ្លួនម៉ាក ម៉ាស្ដារ ពាក់ស្លាកលេខខេមរៈភូមិន្ទ 02. 2-6321 មិនដឹងយ៉ាងមិចស្រាប់តែបុករះផ្ទះជាពលរដ្ឋចំនួន៣ខ្នង ម៉ូតូកង់បី ១គ្រឿងម៉ូតូមួយគ្រឿងរួមនិងសម្ភារៈជាច្រើនទៀតរប៉ាត់រប៉ាយខូចខាតយ៉ាងដំណំ ។ រីឯរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់គេច ត្រូវបានបងប្អូនប្រជាពលរដ្ឋ ផ្ទុះកំហឹងនាំគ្នាយកដុំថ្មដេញគប់លើរថយន្តបណ្ដាលឱ្យបែកកញ្ចក់ខាងមុខរងការខូចខាតនិងត្រូវអ្នកបើកបរបណ្តាលឲ្យរងរបួសបែកក្បាល ហើយនៅតែមិនឈប់បានទៀតបានព្យាយាមបើកគេចរហូតផ្អើលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជាច្រើនខណ្ឌបាននាំគ្នាដេញចាប់រថយន្តរហូតមកដល់ចំនុចស្ពានទី២ មុខមន្ទីរពេទ្យរុស្ស៊ីក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ទើបសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ។
បន្ទាប់មកសមត្ថកិច្ចខណ្ឌមានជ័យបានទំនាក់ទំនងទៅខាងសមត្ថកិច្ចខណ្ឌឫស្សីកែវចុះមកយករថយន្តបង្កនិងអ្នកបើកបរទៅកន្លែងកើតហេតុវិញដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមនិតិវិធីនៅពេលក្រោយ៕