Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួន​នគរបាលដែលបាញ់រះឲ្យពលរដ្ឋ ភ័យខ្លាចកាលពី​យប់មិញបានហើយ

ភ្នំពេញ ៖​ ជនសង្ស័យជាមន្ត្រីនគរបាលម្នាក់​ដែលជាអ្នកអនុវត្តច្បាប់ បែជា​មានចរិកធូថ្លៃ​ បានបង្កការបាញ់បោះសេរី​ ធ្វើឲ្យប្រជាពល​រដ្ឋមានការភ័យខ្លាច​ នោះ​ពេលនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល​នៃស្នងការនគរបាល​ រាជធានីភ្នំពេញ​ ធ្វើការ​ស្រាវជ្រាវ​ ចាប់ឃាត់ខ្លួនបានហើយ។
ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជន​សង្ស័យ​ម្នាក់ជាមន្ត្រីនគរបាលក្រុងដែលមាន​ឈ្មោះ គង់ សុភាព អាយុ៤២ឆ្នាំ បានបង្កការ​បាញ់បោះ​ យ៉ាងអណាធិបតេយ្យ​ កណ្ដាល​ក្រុងភ្នំពេញ​ កាលពីវេលាម៉ោង១០និ១០​នាទី​យប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២០​ នៅម្តុំផ្លូវរថ​ភ្លើង​ អតីតបឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ ត្រូវសមត្ថកិច្ច ចាប់ខ្លួនកសាងសំណុំ​រឿងចាត់ការតាមនិតិវិធីហើយ។​ នេះបើ​យោង​តាមផេក Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានី ។

បើតាមប្រភពបានបង្ហើបថា៖ ជនសង្ស័យឈ្មោះ គង់ សុភាព មានឋានៈ អនុប្រធានការិយាល័យ នាមសំងាត់ ត្រីកោណ ០៦នៃ​អង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃ​ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

សូមរំលឹកថា មានជនស៊ីវិលមួយក្រុម ជិះរថយន្ដ៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង បាន​បាញ់រះជាច្រើនគ្រាប់ បង្កឱ្យមានការ ភ្ញាក់​ផ្អើល​និងភ័យខ្លាច​ ដល់ប្រជាពលរដ្ឋ​ កាលពី​វេលាម៉ោង១០និង១០នាទីយប់ ទី២៩ ខែមីនា ឆ្នាំ២០២០ នៅចំណុច ផ្លូវរថភ្លើងកែងផ្លូវ R6 ទីតាំងសំបុកគ្រឿងញៀន​ យ៉ាងអាណាធិបតេ​យ្យរាល់ថ្ងៃ​ ស្ថិតក្នុសង្កាត់ ស្រះចក ខណ្ឌ​ដូ​នពេញ រាជធានីភ្នំពេញ បន្ទាប់មកក្រុមទាំង​នោះបាននាំគ្នាគេចខ្លួនបាត់អស់។

តាមសម្ដីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថាគេ​ឃើញមាន រថយន្តចំនួន៣គ្រឿង និងម៉ូតូជា​ច្រើនគ្រឿង ស្លៀកពាក់ស៊ីវិល បានចុះមក​ដល់ ចំណុចកើតហេតុរួចបាញ់ជាច្រើនគ្រាប់ ធ្វើឲ្យពលរដ្ឋមានការភិតភ័យនាំគ្នារត់ប្រសេច​ប្រសាច បិទទ្វារផ្ទះ​ និងមាននារីម្នាក់​បានស្លុតរហូតដល់សន្លប់​ តែត្រូវបងប្អូនប្រជាពលរដ្ឋនៅទីនោះយកប្រេកូឡាលាប​ទើបដឹងខ្លួនវិញ។ ភ្លាមៗប្រជាពលរដ្ឋមិនហ៊ាន​សន្និដ្ឋានថាក្រុមនោះ​ ជាកម្លាំងសមត្ថកិច្ច​ឬយ៉ាងណានោះទេ ព្រោះមិនមានឯកសណ្ឋានជាសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាល​ របស់អធិការ​ ខណ្ឌដូនពេញ​ និងនគរបាលប៉ុស្តិ៍ស្រះចក បានចុះដល់កន្លែងកើតហេតុ​ សួរនាំ​ពត៌មានពីប្រជាពលរដ្ឋ និងបានប្រមូលសំបក​គ្រាប់​ ដើម្បីធ្វើកំណត់ហេតុ​ ។

ប្រជាពលរដ្ឋគាំទ្រចំពោះសមត្ថកិច្ច ដែលធ្វើ​ការស្រាវជ្រាវទាន់ពេលវេលាឈានដល់​ការ​ចាប់ឃាត់ខ្លួន ជនបង្កបាញ់បោះសេរី តែ​មហាជនរងចាំមើលថា​ តើលោកមន្ត្រីនគរ​បាល​ រូបនេះនិងមានទោសទាន់កំរិតណា? ឬ​គ្រាន់តែពិន័យហើយដោះលែងវិញ​ ៕