ករណីវាយប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យគិតរហូតមកដល់ពេលនេះគ្មានពន្លឺសោះ
ភ្នំពេញ ៖ ម៉ូតូស្កុបពី ១គ្រឿង ដែលត្រូវក្រុមចោរមួយក្រុមមានគ្នា៤នាក់ វាយជនរងគ្រោះប្លន់យកទៅបាត់ដោយសុវត្ថិភាពនោះ គិតរហូតមកដល់ពេលនេះ គឺបាត់ដំណឹងសូន្យឈឹង ខណៈដែលស្ត្រីរងគ្រោះទន្ទឹងរង់ចាំដំណឹងនេះជារៀងរាល់ថ្ងៃ ពីព្រោះថា គាត់មានតែម៉ូតូ ១គ្រឿងនេះ សម្រាប់ជិះទៅធ្វើការរាល់ថ្ងៃ ។
ស្ត្រីរងគ្រោះនៅតែទទូចសំណូមពរដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ មេត្តាជួយស៊ើបអង្កេតស្រាវជ្រាវ អោយបានល្អិតល្អន់ក្នុងឆន្ទះល្អសម្រាប់បំរើប្រជារាស្ត្រ ។
សូមបញ្ជាក់ថា ហេតុការណ៍វាយប្លន់ម៉ូតូស្តុបពី ១គ្រឿង នេះកើតឡើង កាលពីវេលាម៉ោង៤និង១០នាទី ទាបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយក្រុមហ៊ុន ហុងដា គោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះសូមមិនបញ្ចេញឈ្មោះប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ ១គ្រឿង ម៉ាក ស្កុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1HL-3438ចេញ ពីធ្វើការបំណងធ្វើដំណើរទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ
ក្រុមចោរមួយក្រុមមានបក្ខពួក ៤នាក់ ជិះម៉ូតូ ២គ្រឿងមិនចាំម៉ាកនិងមិនចាំស្លាកលេខបានស្ទុះមកវាយរូបគាត់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ក្រោយកើតហេតុ រូបគាត់បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចទាំងអស់សង្ឃឹម ៕