លោក សម្បត្តិ កុសល អធិការនគរបាលស្រុកតាវែង រងការប្ដឹងចោទប្រកាន់ពីកូនចៅក្រោមឱវ៉ាទ ថាអាងអំណាចបាញ់គំរាមកូនចៅជាច្រើនគ្រាប់
រតនគិរី ៖ លោកអធិការស្រុកតាវែង ត្រូវបានកូនចៅក្រោមឱវ៉ាតដាក់បណ្ដឹង បន្ទាប់ពី លោកអធិការរូបនេះបានបាញ់ជាច្រើនគ្រាប់គំរាមមន្ត្រីក្រោមឱវ៉ាទនិងបញ្ជាកូនចៅឲ្យប្រព្រឹត្តអំពើល្មើសរំលោភបំពាន មកលើប្រជាកសិករ និងអាជីវករ ក្នុងស្រុកតាវែង។
បើយោងតាមពាក្យបណ្ដឹងរបស់លោកអធិការរង នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ ព្រមទាំងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលទាំងអស់ ប្ដឹងចូលសាលាស្រុកតាវែង ប្ដឹងចូលស្នងការនគរបាលខេត្ត និងប្ដឹងទៅឯកឧត្ដមអភិបាលខេត្ត អំពីករណីលោកវរៈសេនីយ៍ទោ សម្បត្តិ កុសល អធិការស្រុកតាវែង អាងអំណាចបាញ់គំរាមមន្ត្រីនគរបាល យាមប៉ុស្ដិ៍សន្តិសុខស្ពានទី៣ ស្ថិតក្នុងភូមិតាវែង ត្រង់ចំណុចរង្វង់មូលស្រុកតាវែង ចំនួន១១គ្រាប់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី យប់ ថែមទាំងជេរម៉ែពួកគាត់ទៀតផង។
ក្នុងពាក្យបណ្ដឹង បានរៀបរាប់ថា លោកវរៈសេនីយ៍ទោ សម្បត្តិ កុសល តែងតែអាងអំណាច ដៀលជេប្រម៉ាថកូនចៅក្រមឱវ៉ាទប្រព្រឹត្តអំពើខុសពីវិន័យកងកម្លាំង គៀបសង្កត់ប្រជាកសិករ ដូចជា អួតអាងថាមានខ្នងធំ គ្មានអ្នកណាធ្វើអីគាត់បានទេ.គាត់ថាមកកាន់ជាអធិការនៅស្រុកនេះ គាត់ចំណាយប្រាក់អស់៥ទៅ៦ម៉ឺនដុល្លា។ ជេកូនចៅក្រោមឱវ៉ាទថាពួកអាប៉ូលីសអាចន៍ក្ដ មិនចេះយកលុយពីអ្នកដឹកគ្រាប់ស្វាយចាន្ទី អ្នកដឹកបន្លែ ផ្លែឈើ ត្រីសាច់តាមម៉ូតូជាដើមព្រមទាំងគំរាមឲ្យមន្ត្រីក្រោមឱវ៉ាទដោះសំលៀកបំពាក់ឯកសណ្ឋានចេញ បើមិនធ្វើតាម និងគំរាមផ្លាស់ប្ដូរ និងដកចេញពីក្រមខណ្ឌគ្រប់ពេលវេលា ដោយមិនមានមូលហេតុ.ទាត់មន្ត្រីក្នុងជួរកងកម្លាំង និងស្រាយអង្រឹងទាំងយប់ដោយគ្មានមូលហេតុ.ប្រជាពលរដ្ឋដឹកបង្គោលរបង ឈើធ្វើផ្ទះ បញ្ជាឲ្យចាប់យកមកប៉ុស្ដិ៍បង់លុយសិនទើបឲ្យវិលតរឡប់ទៅវិញ ហើយលុយទាំងនេះ ត្រូវបានលោកអធិការយកទៅចាយវាយម្នាក់ឯង ធ្វើឲ្យប្រជាពលរដក្នុងស្រុកតាវែងស្អប់ខ្ពើម មន្ត្រីនគរបាលទាំងអស់ក្នុងស្រុកតាវែង។
ជុំវិញករណីខាងលើនេះ ក្រុមអ្នកសារ ព័ត៌មាន មិនអាចសុំការបំភ្លឺណាមួយពីលោកឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីបានទេ ដោយទូរស័ព្ទមិនមានអ្នកលើក កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ។
បើតាមមតិមហាជន បានលើកឡើងថា បទល្មើសរបស់លោកវរៈសេនីយ៍ទោ សម្បត្តិ កុសល ពិតជាច្រើនពេកហើយ ទាំងវិន័យកងកម្លាំង ទាំងបទល្មើស និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងស្អប់ខ្ពើម បើនិយាយឲ្យចំ គឺមនុស្សដែលសង្គម មិនត្រូវការ ហើយផ្ទុយនិងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល។ មតិមហាជនបានលើកឡើងថា បើទោះជាយ៉ាងណា ប្រហែលជាច្បាប់មិនហ៊ានធ្វើអីលោកអធិការទេមើលទៅ ពីព្រោះគាត់មានខ្នងធំ និងគាត់ចំណាយប្រាក់រហូតដល់៥ទៅ៦ម៉ឺនដុល្លាឯណោះ ទើបបានមកកាន់ជាអធិការស្រុកនេះបាន។ តើអ្នកណាទៅហ្ន៎? ដែលយកប្រាក់លោកអធិការ ហើយឲ្យគាត់មកបង្កព្យុះភ្លៀងតាមតែអំពើចិត្តដូច្នេះ៕