Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីសាធារណៈការដែលចាប់ចងដៃស្ត្រីមានផ្ទៃពោះបានចូលសារភាពហើយ

ភ្នំពេញ៖​ មន្ត្រីសាធារណការ ដែលចងស្ត្រីមានផ្ទៃពោះកាលពីថ្ងៃមុនបានចូលខ្លួនសារ​ភាពនៅប៉ុស្តិ៍នគរបាលចោមចៅ៣ នៅព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០២០នេះ។

ជនសង្ស័យឈ្មោះ អ៊ូ ប៊ុនធី​ ភេទប្រុសអាយុ​៤១ឆ្នាំ​ ជាមន្ត្រីសាធារណការ​ ស្នាក់ភូមិព្រៃទា​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា វីដេអូដែលត្រូវបានបង្ហោះ​ចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់​នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់ប្តឹងទៅ​ណាប្តឹងចុះ” ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង ។

សកម្មភាពល្មើសដ៏គឃ្លើន នេះ បានកើត​ឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រឡេកមើលសកម្មភាពល្មើស គឺ បានកើតឡើងកាលពីរសៀលថ្ងៃកើតហេតុគប្បីសមត្ថកិច្ចអាចចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃ​ដល់បានភ្លាមៗមិនគួរណាបណ្តែត​បណ្តោយ​អោយជនដៃដល់ រត់គេចខ្លួនបែបនេះសោះ ដែលប្រជាពលរដ្ឋបានរិះគន់ពីសមត្ថភាព​របស់លោកវរសេនីយ៍ទោ ម៉ន វុធី អធិការ​នគរបាលខណ្ឌពោធិ៍សែនជ័យ ។

ទន្ទឹមនេះ ក្រោយមានការផ្ទុះរឿងកាន់តែខ្លាំងក្លាឡើង គេឃើញលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បង្ហោះសារ​មួយអោយត្រូវចិត្តប្រជាពលរដ្ឋ ដោយលោកនិយាយថា “ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសមត្ថកិច្ចកិច្ចទាំងអស់តាមចាប់ជនបង្កហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់”។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់​លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់​ចោម​ចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅ​មន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា ។

មជ្ឈដ្ឋានមួយចំនួន សង្កេតឃើញថា ចាប់​តាំងពីលោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែន ជំនួសលោក យឹម សារ៉ាន់ មក គឺ បទល្មើសបានកើតឡើងជាបន្តបន្ទាប់ ។
ទន្ទឹមនេះ មហាជនក៏បានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសកម្មភាពការងាររបស់លោកវរសេនីយ៍ទោ ម៉ន វុធី ឡើងជាអធិការនគរបាលខណ្ឌពោធិ៍សែនជ័យផង ៕