ខួប៤៥ឆ្នាំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត! សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ កុំឱ្យរបបនេះកើតជាថ្មី
សម្តេចតេជោ ហ៊ុន សែន មេដឹកនាំខ្មែរមួយរូប ដែលធ្វើពលីកម្មយ៉ាងក្លៀវក្លាក្នុងការវាយផ្តួលរំលំរបបដ៏ឃោរឃៅមួយនេះ តាមរយៈទំព័រ Facebook បានគូសរំលេចថា ថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺជាថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលឱ្យចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំឱ្យធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានបានជួបជុំក្រុមគ្រួសារឡើយ។
សម្តេចតេជោ បានគូសរំលេចទៀតថា សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវឱ្យស្លៀកពាក់តែខោអាវពណ៌ខ្មៅមួយពណ៌មួយកំប៉្លេគត់។
សម្តេចតេជោ បានរំលឹកថា ក្រៅពីបង្ខំឱ្យធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម…។
ប្រមុខរាជរដ្ឋាភិបាល បានបន្តថា ក្រោមការគ្រប់គ្រង និងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺបានធ្វើឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរ។
សូមបញ្ជាក់ថា របបប្រល័យពូជសាសន៍ ប៉ុល ពត បានចាប់កំណើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីបានវាយផ្តួលរំលំរបបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់។
របបកាប់សម្លាប់ដ៏ឃោរឃៅ និងព្រៃផ្សៃនេះ ត្រូវបានវាយផ្តួលរំលំទៅវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមចលនាតស៊ូរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសនាពេលបច្ចុប្បន្ន រួមជាមួយអ្នកស្នេហាជាតិខ្មែរជាច្រើនផ្សេងទៀត៕