ក្រសួងអប់រំ-ក្រសួងព័ត៌មាន សហការគ្នាក្នុងការផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ ដែលចាប់ផ្តើមផ្សាយចាប់ពីថ្ងៃនេះ
ក្រសួងអប់រំបានឲ្យដឹងថា ក្នុងអំឡុងពេលនៃ ការពន្យារការចូលរៀនឡើងវិញ ក្រោយវិស្សមកាលតូច សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណ: និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មាន បានសហការរៀបចំផលិត និង ផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក» តាមរយៈការចាក់ផ្សាយ វីដេអូនៃការបង្រៀនគ្រប់កម្រិតថ្នាក់ លើប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជាកាណាល់ ទ.ទ.ក/២ ព្រមទាំងការផ្សាយ បន្តតាមបណ្ដាញទូរទស្សន៍ ខ្សែកាបរាជធានី-ខេត្ត វេទិកាអប់រំឌីជីថលក្រសួងអប់រំ យុវជន និងកីឡាកំពុង មានស្រាប់ និងលើ App របស់ក្រសួងព័ត៌មាន។
កិច្ចសហការនេះ ជាការធ្វើឱ្យកាន់តែសម្បូរបែប និងកាន់តែប្រសើរឡើងនូវការផ្តល់សេវាអប់រំ ប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន លើកកម្ពស់ប្រសិទ្ធភាព ស្វ័យសិក្សា និងការសិក្សាពីចង្វាយសម្រាប់សិស្សានុសិស្សគ្រប់រូបនាពេលបច្ចុប្បន្ន។
ក្រសួងអប់រំ យុវជន និងកីឡា សូមសិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ទាំងអស់មេត្តាយកចិត្តទុកដាក់ លើវិធីទទួលបានកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក» លើប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា បណ្ដាញទូរទស្សន៍ខ្សែកាប វេទិកាអប់រំឌីជីថលរបស់ក្រសួង អប់រំ យុវជន និងកីឡានិង App របស់ក្រសួងព័ត៌មាន៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង៖