កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ រហ័សនាម អាកណ្តុរ ដែលឆ្កឹះសោរខ្នោះដៃ រត់ចេញពីតុលាការ កាលពី៩ខែមុននិងបក្ខពួកម្នាក់ទៀត
ភ្នំពេញ៖ ជនសង្ស័យដែលស្ទាត់ជំនាញឆ្កឹះសោរ រហ័សនាម អាកណ្ដុរ ដែលបានឆ្កឹះសោរខ្នោះរត់គេច ចេញពីសាលាដំបូងរាជធានីភ្នំពេញ កាលពី៩ខែមុនឥឡូវ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចាប់ខ្លួនបានហេីយ ខណៈពេលដែលជនសង្ស័យនិងបក្ខពួកម្នាក់ទៀតកំពុងជិះម៉ូតូឌុបគ្នាចេញដើម្បីលួចកាច់ក.ម៉ូតូរបស់ប្រជាពលរដ្ឋ
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង០១រំលងអាធ្រាត្រចូលថ្ងៃទី២១ខែមេសាឆ្នាំ២០២០នៅចំណុចខាងក្រោយផ្សារសឡា ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងនគរបាល អន្តរាគមន៍ពិសេស ខណ្ឌមានជ័យ បានចេញល្បាត់ក្នុងមូលដ្ឋានដើម្បី បង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ខណៈកម្លាំងនគរបាលល្បាតមកដល់ចំណុចកើតហេតុក៏បានប្រទះឃើញជនសង្ស័យ ពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេរីចាស់ ដោយមានការសង្ស័យក៏បានហៅសួរនាំឆែកឆេ រកឃើញដែកចុងស្រួល០១ សោរទីបលេខ៨ ចំនួន០១ និងដែកសរសៃចំនួន១ ដែលលាក់ក្នុងប្រអប់ពណ៍ខ្មៅ ភ្លាមៗកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១តែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួនមានម្នាក់ឈ្មោះ អឹម រតនៈ ហៅ អាកណ្ដុរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ អតីតជាមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍បឹងទំពុន មានស្រុកកំណេីតនៅភូមិ ភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ស្នាក់នៅបន្ទប់ផ្ទះជួលនៅ ម្ដុំចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យរូបនេះកាលពីម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ធ្លាប់បានយកឈើចាក់ធ្មេញ ឆ្កឹះសោរខ្នោះដៃ រត់គេចខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញ បាត់ដោយសុវត្ថិភាព។
ចំណែកម្នាក់ទៀតមានឈ្មោះ លី តុងហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យស្នាក់នៅផ្ទះលេខ២៣៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមនិងវត្ថុតាងត្រូវបានបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសុំណំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕