សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារបណ្ដោះអាសន្ន លោកស្នងការរងខេត្តកណ្ដាល
ខេត្តកណ្តាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស សម្រេចផ្អាកការងារ បុរសចូលចិត្តលេងគ្រឿងអលង្ការ និងប្រាក់ដុល្លារ គឺលោកស្នងការរង ស្រេង សុខា ជាបណ្តោះអាសន្ន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះ ។
នេះបើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២២១១ ប្រ.ក ចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ តែម្ដង (ដូចមានក្នុងរូបភាព) ។
ប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ២២១១ ប្រក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានសម្រេចថា ៖
– ប្រការ១ ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ចំពោះឧត្តមសេនីយ៍ត្រី ស្រេង សុខា អត្តលេខ ៦៣៤៥៦ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
– ប្រការ២ ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខ នៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីរង់ចាំការសម្រេចជាថ្មី។ (ព័ត៌មានលម្អិតសូមអានប្រកាសរបស់ក្រសួងមហាផ្ទៃ) ,
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាល ខេត្តកណ្តាល មានរឿងអាស្រូវជាច្រើន ដូចជាហ៊ានយកឈ្មោះ លោក ម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្ដាល ទៅគំរាម មេឃុំរការខ្ពស់ បញ្ជាឱ្យស៊ីញ៉េ រឿងដីបឹងទទឹងថ្ងៃ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន , ករណីសំញើញទ្រព្យសម្បត្តិ រាប់សិបម៉ឺនដុល្លារ…។
ប្រភពមួយចំនួនដឹងថា បានចំណាយលុយឱ្យ អនុរដ្ឋលេខាធិការម្នាក់ រត់ការយកតំណែងជា អគ្គាធិការរង តែទីបំផុត បុរសស្នងការរងដែលគេស្គាល់ថា ធ្វើការងារខ្វៈចំណេះ គ្មានជំនាញ ត្រូវបាន សម្តេច ស ខេង សម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន នៅថ្ងៃនេះ៕