បុរស២នាក់ជិះម៉ូតូបញ្រ្ចាស់ទឹសទៅបុករថយន្តចំពីមុខបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់
ភ្នំពេញ : បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបញ្ច្រាស់ទិស រ៉េចង្កូតចូលមកចំពីមុខ រថយន្តបណ្ដាល ឲ្យ បុកគ្នាដួលខ្ទាតប្រមាណ៣០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង ៣០នាទីយប់ ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ ត្រង់មុខរោងចក្រទី៣ តាមបណ្តោយផ្លូវ ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ ៣
សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ យៀន ណាក់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ លើកការ៉ូ
ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិរោង ឃុំទ្រាប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ អ្នក រងរបួសដែលជាមិត្តភ័ក្តិ មិនត្រូវបានស្គាល់ឈ្មោះនោះទេ អ្នកទាំង២ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1V.6025 ។
ចំណែកឯអ្នក បើករថយន្ត មានឈ្មោះ ពេជ្រ បញ្ញា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ។
អាសយដ្ឋាន ផ្ទះលេខ៦៣អើ០ ផ្លូវលេខ១៣៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ឈាមជ្រូក ពាក់ស្លាក លេខ ភ្នំពេញ2AG.4690បើកតែម្នាក់ឯង។
តាមសម្ដីសន្តិសុខដែលយាមកាមជិតកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញ បុរសម្នាក់បើករថយន្តហាយឡែនឌ័រ យ៉ាងលឿនតាមបណ្ដោយផ្លូវ ៣០ ម៉ែត្រទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ជិះគ្នា ២នាក់តាមបណ្ដោយផ្លូវ ៣០ម៉ែត្រទិសដៅពីជើងមកត្បូងជិះបញ្ច្រាសទិស ស្រាប់តែមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតចូលចំពីមុខរថយន្ត បុកពេញទំហឹងខ្ទាតប្រមាណ ៣០ម៉ែត្របណ្ដាលឲ្យបាក់ជើង បាក់ក ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ភ្លាមៗគេឃើញមានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះផងដែរ ។ ចំណែកអ្នកបើកបររថយន្តក៏បានចុះមកមើល ខណៈពេលនោះសមត្ថកិច្ចក៏ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីរងចាំប្រគល់ឲ្យជំនាញចរាចរណ៏ក្រុងចាត់ចែងបន្ត។
បើតាមសម្ដីមិត្តភក្កិដែលធ្វើការជាមួយបានប្រាប់ឲ្យដឹងថាពួកគាត់បានជុំគ្នាផឹកស៊ីនៅផ្ទះរបស់គាត់ហើយក៏បានចេញពីផ្ទះរបស់គាត់ក្នុងគោលបំណងទៅបន្ទប់ស្នាក់នៅស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់បាត់បង់ជីវិត បែបនេះទៅវិញ។