នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ តាមដីការបស់ព្រះរាជអាជ្ញា, បញ្ជួនទៅតុលាការនៅរសៀលថ្ងៃនេះករណីចេញសែកស្អុយ
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់ជាង ២៦ម៉ឺនដុល្លារ ហើយនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ ត្រូវបាននគរបាលបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យឈ្មោះ សូត្រ ស្រីយ៉ា អាយុ៤០ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះលេខ១៦៣ សេដេ ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនកាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២០នៅក្នុងខណ្ឌទួលគោក។
មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ការឃាត់ខ្លួនធ្វើឡើងតាមដីការបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបានប្រព្រឹត្តនៅរាជធានីភ្នំពេញកាលកន្លងទៅ។
បច្ចុប្បន្ននេះ ជនសង្ស័យរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។