គួរឲ្យសង្វេកណាស់! ក្មេងតូចៗប្រុសស្រីបីនាក់លង់ទឹករណ្តៅបូមខ្សាច់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ អាសូរក្មេងប្រុសស្រីតូចៗ៣នាក់ខណៈដែលម្ដាយឪពុកជាប់រវល់ទៅធ្វើការបាននាំគ្នាទៅលេងទឹករណ្ដៅបូមខ្សាច់លង់ស្លាប់ទាំង៣នាក់
ហេតុការណ៍ភ្ញាក់ផ្អើលដរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៧យប់ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ នៅចំណុចការដ្ឋាន បូមខ្សាច់មួយកន្លែងក្បែផ្លូវ ៦០ ម៉ែត្រស្ថិតនៅក្នុងភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ក្មេងតូចៗរងគ្រោះទាំង៣នាក់ដែលលង់ទឹកស្លាប់រួមមាន ៖ ទី១/ មានឈ្មោះ ពុយ អាយុ៥ឆ្នាំ-ទី២/ឈ្មោះ អាជ្រូក អាយុ៤ឆ្នាំក្មេងប្រុសទាំង២នាក់ជាបងប្អូនបង្កើត - ទី៣ / ឈ្មោះ កាតឿរ ភេទស្រីអាយុ៣ឆ្នាំ ជាប្អូនជីដូនមួយរបស់ក្មេងប្រុសរងគ្រោះខាងលើ អ្នកទាំង៣នាក់រស់នៅផ្ទះសំណង់មិនរាបរយ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្តីប្អូនស្រីម្នាក់បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុឪពុកក្មេងរងគ្រោះបានចេញទៅធ្វើការ សំណង់ ឯម្ដាយទៅលក់បន្លែនៅមុខរោងចក្រ សល់តែក្មេងតូចៗបីនាក់បងប្អូនជីដូនមួយនៅផ្ទះជាមួយនឹងបងៗតែមិនដឹងថា ក្មេងរងគ្រោះដើរទៅលេង នៅទីណានោះទេ។ ដោយបាត់នៅវេលាម៉ោង៥និង៣០នាទី ល្ងាចពេលដែលឪពុកម្ដាយត្រឡប់មកពីលក់ដូរនិងធ្វើការវិញក៏បានដើររកកូនតែមិនឃើញក៏ស្រាប់តែមានអ្នកដែលធ្វើការ នៅកន្លែងបូមខ្សាច់បានរត់មកប្រាប់ថា មានក្មេង ៣នាក់ លង់ទឹកស្លាប់ ក៏នាំគ្នារត់ទៅមើលឃើញកូនរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយនៅលើមាត់រណ្តៅដីខ្សាច់ដែល មានទឹកដក់នៅទីនោះ។
បើតាមសម្ដីអ្នកដែលធ្វើការនៅកន្លែងបូមខ្សាច់នោះបាន ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញក្មេងតូចៗមកលេងក្បែរដីខ្សាច់ដែលមានរណ្តៅទឹកដក់គាត់ក៏បានដេញដែល ហើយគាត់ស្មានថាក្មេងទាំងបីនាក់នេះទៅបាត់ហើយគាត់ក៏បានចេញពីកន្លែងបូមខ្សាច់ ទៅក្រៅទិញអីវ៉ាន់ លុះពេលត្រឡប់មកវិញក៏ឃើញក្មេងទាំងនោះស្លាប់អណ្ដែតនៅលើដីខ្សាច់នេះបាត់ទៅហើយ។
ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យ រួចបានធ្វើកំណត់ហេតុប្រគល់សពអោយទៅឪពុកម្ដាយនិងក្រុមគ្រួសារដឹកតាមរទេះយកទៅវត្តធ្វើបុណ្យតាមប្រពៃណី៕