ជិះម៉ូតូដេញគ្នាមិនប្រយត្ន័ជ្រុលទៅម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យជនជាតិចិន ម្នាក់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់បានស្លាប់បាត់បងជីវិតយ៉ាងអាណោចអធម៌ បន្ទាប់ពីជនបង្កជិះម៉ូតូដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួនមុខហាងលក់រថយន្តតាំងប៊ុនហេង តាមបណ្តោយផ្លូវ ១៨២ កែងនឹងផ្លូវ ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា ជាជនជាតិចិន ជិះម៉ូតូម៉ាកCUB ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ1HN-1339ជាអ្នកលក់តៅហ៊ូ ។
ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ C125ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-9154រងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតរបួសស្រាល
បើតាមប្រភពបានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញជនជាតិចិន ដឹកតៅហ៊ូ ជិះម៉ូតូតាមបណ្ដោយផ្លូវ ២២៣ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុត្រូវបានម៉ូតូជាច្រើនគ្រឿងបានដេញគ្នា ប្រសេក ប្រសាចបានជ្រុលមកបុកម៉ូតូឌ្រីមសង់មួយគ្រឿងរបស់គាត់ចំពាក់កណ្ដាលបណ្ដាលឱ្យដួលជនរងគ្រោះបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នកបុករងរបួសធ្ងន់ម្នាក់និងស្រាល ម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូទាំង២គ្រឿងបានរងការខូចខាតយ៉ាងដំណំ ឯអ្នករង របួសស្រាលបានរត់គេចបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់ក៏បានពិនិត្យមើលលើសពហើយប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការក្រុង៕