ជនសង្ស័យម្នាក់ត្រូវបាន នគរបាលចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ កំលាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀង សហការណ៏ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយ បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ អនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់តុលាការខេត្តព្រះវិហារ ហើយបានរកឃើញគ្រឿងញៀន៣កញ្ចប់។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀងបានអោយដឹងថា ដោយអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៤៥គព្រ ចុះថ្ងៃទី០៨ខែមេសា ឆ្នាំ២០២០ ដោយលោក ជៀន ស្រស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បង្គាប់អោយចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាន សង់ ភេទប្រុស អាយុ២៨ឆ្នាំមានទីលំនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀងខេត្តព្រះវិហារ ។
លោកអធិការបានបន្តថាជនត្រូវចោទឈ្មោះ ផាន សង់ ត្រូវបានចោទពីបទរក្សាទុក និងជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តឡើងនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ។
បច្ចុប្បន្ន ជនត្រូវចោទរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕