អាណិតណាស់! បុរសអ្នកលក់ ខោ អាវ តាមរឺម៉កម្នាក់ ត្រូវក្រុមចោរលួចម៉ូតូសណ្តោងរឺម៉កបាត់ នៅខណ្ឌពោធិសែនជ័យ
ភ្នំពេញ ៖ បុរសអ្នកលក់ខោអាវម្នាក់ទុករឺម៉កម៉ូតូជាប់របងរោងចក្រត្រូវបានចោរលួចយកទៅបាត់ ដោយសុវត្ថិភាព
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របង រោងចក្រ ខាងកើតផ្សារទួលពង្រ តាមបណ្ដោយផ្លូវបេតុងច្រកចូលទៅបន្ទាយប៉េអឹមផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូរឺម៉កមានឈ្មោះ គឹម សិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ ខោអាវ ស្នាក់នៅកន្លែងកើតហេតុខាងលើមាន ស្រុកកំណើតនៅភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ចំណែកឯរឺម៉ក គឺដែក ពណ៌ទឹកប្រាក់។
បើតាមការរៀបរាប់របស់បុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានយកម៉ូតូសណ្តោងរឺម៉ករបស់គាត់ដាក់ជាប់នឹងរបងរោងចក្រហើយទៅជួបជុំគ្នាផឹកស៊ីនៅបន្ទប់ជួលតែក៏ភ្លេចយករឺម៉កម៉ូតូទៅផ្ញើ នៅផ្សារទួលពង្រ លុះដល់ម៉ោងកើតហេតុខាងលើក៏ឮសូរសំឡេងបញ្ឆេះម៉ូតូភ្លាមៗគាត់បានចេញមកមើលឃើញចោរជិះចេញទៅ ពេលនោះរូបគាត់ក៏បានទាញម៉ូតូជិះដេញតាមដែរតែបានពាក់កណ្ដាលផ្លូវ ម៉ូតូរបស់គាត់បែកកង់ ធ្វើឲ្យរូបគាត់តាមមិនទាន់ ទើបជនសង្ស័យមានឱកាសជិះម៉ូតូរបស់គាត់គេចទៅបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមតែឈរ សោកស្ដាយទ្រព្យសម្បត្តិ បន្ទាប់មកគេឃើញសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែមកនាំបុរសរងគ្រោះទៅអោយដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ តែប៉ុណ្ណោះ ៕