រន្ធត់ខ្លាំងណាស់ ! ក្មេងប្រុសពីរនាក់បងប្អូនបង្កើតទៅជួយរាវខ្ចៅ ម្ដាយលង់ទឹកស្លាប់ទាំងពីរនាក់
កណ្តាល៖ អាណិតណាស់ព្រះអើយដោយសារតែជីវភាព ក្មេងប្រុសពីរបងប្អូនបង្កើតបានទៅតាមម្ដាយ ជួយរាវខ្ចៅ អកុសលលង់ទឹកស្លាប់ទាំងពីរនាក់ គួរឲ្យអាណោចអធម៌ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចអូរកែ ភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
សពក្មេងប្រុសរងគ្រោះទាំង០២នាក់៖ ១-ឈ្មោះ ភា ដូណា ភេទប្រុស អាយុ១២ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស / ទី២-ឈ្មោះ ភា តុលា ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស អ្នកទាំង២ មានទីលំនៅភូមិឃុំកើតហេតុ។ ដែល មានឪពុកឈ្មោះ កាង សុភា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករនិងម្តាយឈ្មោះ ថា រតនា អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង០២និង៣០នាទីរសៀល ជនរងគ្រោះទាំងពីរនាក់បងប្អូនបានទៅរកខ្ចៅ ជាមួយម្តាយនៅ ចំណុចអូរកែ ពេលទៅដល់ម្ដាយជនរងគ្រោះបានចុះក្នុងទឹករាវរកខ្ចៅហើយ ជនរងគ្រោះទាំងពីរនាក់ចុះក្នុងទឹកជួយរាវខ្ចៅ ជាមួយម្តាយដែរ ដោយឃ្លាតពីគ្នាចំងាយ៥ម៉ែត្រ។ ដល់វេលាម៉ោង០៣និង០០នាទីរសៀលថ្ងៃដដែល ម្ដាយជនរងគ្រោះបានក្រឡេករកមើលកូនស្រាប់តែបាត់ទាំងពីរនាក់។
ប្រភពដដែលបន្តថា ពេលនោះ ឈ្មោះ ថា រតនា ត្រូវជាមួយគិតថាកូនខ្លួនប្រហែលលង់ទឹក ទើបហៅបងប្អូននិងក្រុមគ្រួសារ ជួយរាវរកជនរងគ្រោះ។ ដល់វេលាម៉ោង០៥និង០០នាទី ល្ងាចថ្ងៃដដែល ទើបរាវរកឃើញជន រងគ្រោះទាំងពីរនាក់នៅក្នុងទឹកអូរ ចំងាយ៦ ម៉ែត្រពីច្រាំងនិងមានជម្រៅ៣ម៉ែត្រ ហើយ ស្រងជនរងគ្រោះទាំងពីរនាក់ យកមកដាក់ លើគោកជួយធ្វើចលនាតែជនរងគ្រោះ ទាំងពីរនាក់បានស្លាប់បាត់បង់ជីវិតទៅហើយទើបក្រុមគ្រួសារដឹកសពជនរងគ្រោះ ត្រឡប់មកផ្ទះហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកវរសេនីយ៍ឯក មែន សុខឃឿន បានបញ្ជារឲ្យកម្លាំងប៉ុស្តិ៍ សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសពដោយហ្មត់ចត់សពមានសភាពប៉ោងពោះហូរទឹកចេញតាមមាត់និងច្រមុះ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ។
សមត្ថកិច្ចបានសន្និដ្ឋានថាសពជនរងគ្រោះ ទាំងពីរនាក់ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួច បានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕