Friday, November 22, 2024
Latest:
សុខភាពអន្តរជាតិ

លោក ត្រាំ នៅតែការពារសម្តីរបស់លោកថា «ថ្នាំព្យាបាលគ្រុនចាញ់​ អាចព្យាបាល COVID-19»

វ៉ាស៊ីនតោន​ ៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាវ៉ាស៊ីនតោន) បានចេញមុខការពារ ការអះអាងរបស់លោកម្តងទៀត ជុំវិញការប្រើថ្នាំព្យាបាលជំងឺគ្រុនចាញ់ថា អាចជួយព្យាបាលជំងឺ COVID-19 បាន បើទោះបីជាមានការព្រមាន ពីក្រុមអ្នកជំនាញវេជ្ជសាស្ត្រអាមេរិកក៏ដោយ។

លោក ដូណាល់ ត្រាំ បានធ្វើការកត់សំគាល់បែបនេះ ក្នុងកំឡុងលោកស្ថិតនៅវិមានកាពីតូលរបស់សហរដ្ឋអាមេរិក (US Capitol) នៅថ្ងៃអង្គារនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នាឱកាសនោះប្រធានាធិបតីរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «ប្រជាជនអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន… ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថាថ្នាំអ៊ីដ្រូហ្ស៊ីក្លូឃ្វីន (hydroxychloroquine) នៅតែអាចផ្តល់សុវត្ថិភាពបន្ថែម មួយកម្រិតទៀតដល់អ្នក»។

គួរជម្រាបថា កាលពីប៉ុន្មានសប្តាហ៍មុនលោកប្រធានាធិបតី ត្រាំ បានផ្សព្វផ្សាយអំពីថ្នាំប្រភេទខាងលើនេះថា ជាថ្នាំដែលមានសក្តានុពលសម្រាប់ការព្យាបាល COVID-19។ តែទោះជាយ៉ាងណា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ធ្លាប់បានព្រមានរួចហើយ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលអាចកើតមានពីការប្រើប្រាស់ថ្នាំប្រភេទនេះ ចំពោះអ្នកជំងឺ COVID-19 ប្រសិនបើគ្មានការត្រួតពិនិត្យជាមុខ និងវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញ៕