អាសូរណាស់! បុរសម្នាក់គ្រាប់មីនផ្ទុះត្រូវជាច់ជើងខាងស្ដាំរងរបួសធ្ងន់ នៅស្រុកសំឡូត
បាត់ដំបង៖ បុរសម្នាក់គ្រាប់មីនប្រភេទ៦៩ផ្ទុះត្រូវរងរបួសធ្ងន់ដាច់ជើងខាងស្ដាំ ក្រោយមកត្រូវបានកម្លាំងយោធាព្រំដែន និងប្រជាពលរដ្ឋនាំយកមករកមធ្យោបាយដឹកជញ្ជួនទៅមន្ទីរពេទ្យ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២១ខែឧសភាឆ្នាំ២០២០ នៅត្រង់ចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
បុរសរងគ្រោះមានឈ្មោះ ពុធ វ៉ាន់ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអូរនាង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ដោយសារស្ថានភាពភូមិសាស្រ្តឆ្ងាយ នឹងផ្លូវពិបាកធ្វេីដំណេីរជនរងគ្រោះត្រូវបានកម្លាំងយោធាការពារព្រំដែន ប៉ុស្តិពាមតា និងប្រជាពលរដ្ឋនាំគ្នាជួយសែងចេញយកមកសង្គ្រោះនៅមន្ទីរពេទ្យ រហូតដល់ម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ទើបយកមកដល់ពេទ្យ។
សមត្ថកិច្ចបានបន្តថា ក្នុងមូលដ្ឋានស្រុកសំឡូត ក៏ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតដែលជាអតីតសមរភូមិប្រយុទ្ធពីអតីតកាលនៅតែមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយក្នុងដីនៅឡេីយ ហេីយបញ្ហានេះនៅតែជាក្តីកង្វល់និងបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលមានមុខរបរ ចេញ ចូលនៅចំណុចឬទីតាំងទាំងនោះ៕