បើករថយន្ត គ្មានស្លាកលេខបុកបារ៉ាស់សមត្ថកិច្ចដាក់ត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ រួចហើយព្យាយាមបើករត់គេចទៀត
ភ្នំពេញ ៖ នារីវ៏យក្មេងស្រស់សោភា ម្នាក់ សង្ស័យ រវល់តែនិយាយទូរសព្ទ័ បើករថយន្តស៊េរីទំនើប គ្មានស្លាកលេខ ខ្វះការប្រុងប្រយត្ន័បានជ្រុលទៅបុក បារ៉ាស់របស់កម្លាំងសមត្ថកិច្ច ដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ ហើយព្យាយាមបើករត់គេចតែត្រូវកម្លាំងសមត្ថកិច្ចដេញឃាត់បានវិញ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។
យោងតាមប្រភពបានអោយដឹងថា នៅមុនពេលកើតកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីស្រស់ស្អាតម្នាក់ មកបុកបារ៉ាស់របស់សមត្ថកិច្ច រួចបើករត់គេច ធ្វើឲ្យកម្លាំងសមត្ថកិច្ចដេញតាម រហូតដល់ម្ដុំស្ដុបអ៊ីធើខន ខណ្ឌបឹងកេងកង ទើបសមត្ថកិច្ចឃាត់បាន តែនារី រូបនោះមិនចុះពីលើរថយន្តដើម្បីនិយាយជាមួយសមត្ថកិច្ចទេដោយនៅអង្គុយក្នុងរថយន្ត គិតតែពីចុចទូរស័ព្ទ សង្ស័យខលរកអន្តរាគមន៍ទៅខាងលើ។
ក្រោយពេលកើតហេតុដោយសារតែនារីខាងលើ បើកបរនិយាយទូរស័ព្ទ និងរថយន្តគ្មានពាក់ផ្លាកលេខ ទើបកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្ទូចរថយន្ត និងនាំខ្លួននារីស្រស់ដែលជាអ្នកបើកបរ ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕