ចោរស្រីជំនាញ់ដាក់ថ្នាំសណ្ដំអ្នករត់ម៉ូតូកង់បី យកទ្រព្យសម្បត្តិត្រូវអស់លក្ខណ៍ជាប់ខ្នោះនគរបាលខណ្ឌចំការមន
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនស្ត្រីជើងឆើតម្នាក់ដែលធ្វើសកម្មភាពដាក់ថ្នាំសណ្តំបុរសរត់កង់បីម្នាក់យកទ្រព្យសម្បត្តិហើយបម្រុងរត់គេចខ្លួនតែត្រូវអ្នករត់កង់បីជិតខាងឃើញទាន់ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ទៀបភ្លឺថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៤៣៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ អ៊ុច ចាន់ថា អាយុ៣៤ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះជួលផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងមានទីលំនៅ នៅភូមិចំរើនផលសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះ ថន កោសល្យ អាយុ៣៥ ឆ្នាំមុខរបររត់កង់បីស្នាក់នៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីជាជនសង្ស័យបានហៅម៉ូតូរឺម៉កកង់បីជិះចេញពីផ្ទះទៅផ្សារបឹងត្របែកបំណង់ទៅតាមដានសង្សាររបស់ខ្លួន ពេលដែលមកដល់ផ្សារបឹងត្របែកស្រ្តីជាជនសង្យ័យបានឲ្យបុរសជាជនរងគ្រោះឈប់ ពេលដែលឈប់រួចស្ត្រីជនសង្ស័យមិនបានចុះពីលើរ៉ឺម៉កកង់បីទេដោយអង្គុយរង់ចាំមើល ពេលអង្គុយយូរៗទៅស្ត្រីជាជនសង្ស័យបានប្រើឱ្យជនរងគ្រោះទៅទិញទឹកក្រូចយកមកផឹក ។
ប្រភពដដែលបានបន្តទៀតថា ពេលដែលជនរងគ្រោះបានទិញទឹកក្រូចមកដល់ក៏បានចាក់ដាក់កែវ ម្នាក់មួយកែវ ពេលនោះស្ត្រីជាជនសង្ស័យបានលួចដាក់ថ្នាំសណ្តំនៅក្នុងកែវរបស់បុរសដែលជាអ្នករត់កង់បី ហើយក៏ឱ្យបុរសរងគ្រោះផឹកទឹកក្រូចឲ្យអស់មួយកែវ ពេលដែលបុរសអ្នករត់កង់បីផឹកអស់មួយកែវហើយក៏មានអាការៈទន់រួចក៏សន្លប់ស្តូកស្តឹងពេលនោះស្ត្រីជាជនសង្ស័យបានធ្វើសកម្មភាពលួចយកកាបូបលុយហើយចុះពីលើកង់បីទៅម្ដុំលូទឹកស្អុយ ពេលនោះក៏មានបុរសជាអ្នករត់កង់បីម្នាក់ដែលនៅក្បែរនោះឃើញក៏បានដេញចាប់ស្ត្រីជាជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចខណ្ឌចំការមន ដែលកំពុង ល្បាតក្នុងមូលដ្ឋានយកមកសួរនាំ ។
ចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថារូបនាងពិតជាបានធ្វើសកម្មភាពដាក់ថ្នាំសណ្ដំឱ្យបុរសជាអ្នករត់កង់បីនៅក្នុងកែវទឹកក្រូចពិតប្រាកដមែន ។
បច្ចុប្បន្ន ស្ត្រីជើងឆើតជាជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ហៅ ពេទ្យរុស្សី៕