ព្រៃផ្សៃណាស់! ឃាតកដៃឆៅរឹតកសម្លាប់ស្ត្រីម្នាក់ក្នុងបន្ទប់ជួលប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិរួចគេចខ្លួនបាត់
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានឃាតកដៃឆៅមិនស្គាល់មុខធ្វេីសកម្មភាពសម្លាប់យ៉ាងព្រៃផ្សៃរួចប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង រួមនិងទ្រព្យសម្បត្តិមួយចំនួនទៀតហេីយគេចខ្លួនបាត់ដោយសុវត្តិភាព ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំនុច បន្ទប់ជួលលេខ១ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
សពស្ត្រីរងគ្រោះមានឈ្មោះ អ៊ុច យ៉េនអាយុ៤៦ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅបន្ទប់កើតហេតុ មានស្រុកកំណើត ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ចំណែកសម្ភារៈបាត់បង់រួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក់ហុងដា ឌ្រីមសង់C125សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1DC-7457 រួមនិងកាតគ្រីម៉ូតូ ព្រមទាំងប្រាក់ មួយចំនួន សៀវភៅ ដាក់ប្រាក់សន្សំនៅ ធនាគារផងដែរ។
ចំណែកជនសង្ស័យជាឃាតក មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ។
យោងតាមការបំភ្លឺរបស់ឈ្មោះ អ៊ុច សារ៉ន ភេទស្រីអាយុ៣៦ឆ្នាំមុខរបរ កម្មការិនី រោងចក្រ ដែលត្រូវជាប្អូន បង្កើតរបស់ ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញ ពីបន្ទប់ ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះ នៅក្នុងបន្ទប់ជួលតែម្នាក់ឯង លុះដល់ម៉ោង០៦និង០០នាទី រូបគាត់បានចេញពីធ្វើការនៅរោងចក្រ ពេលមកដល់បន្ទប់វិញ ក៏ឃើញបន្ទប់ចាក់សោរពីខាងក្រៅ នៅពេលនោះគាត់ក៏ មិនបាន ចាប់អារម្មណ៍អ្វីដែរ ដោយគិតស្មានថា ជនរងគ្រោះដែលជាបងស្រីបានចេញទៅទិញឥវ៉ាន់ លុះពេលគាត់មើលឃើញ ធុងទឹកកក នៅមុខបន្ទប់ អត់ចាក់សោរ ក៏មានការសង្ស័យ ពេលនោះគាត់ក៏បានហៅ ប្អូនជីដូនមួយ របស់គាត់ មកវាយបំបែកសោរបន្ទប់ ក៏ស្រាប់តែឃើញបងស្រី ដេកស្លាប់បាត់ទៅហើយ ភ្លាមៗក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេី កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំនុចកេីតហេតុពិនិត្យមើលនិងបានទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញចុះមកធ្វេីកោសល្យវិច័យឃេីញមានស្នាមជាំនៅត្រង់ថ្គាមផ្នែកខាងស្តាំ រួចសន្និដ្ឋានថា ជនរងគ្រោះត្រូវបានជនសង្ស័យជាឃាតក សម្លាប់ដោយរឹតក ប្លន់យកទ្រព្យសម្បត្តិ ។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពស្ត្រីរងគ្រោះជូនទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ សហការី