ជិះម៉ូតូឈប់ចាំស្តុបត្រូវរថយន្តដឹកដីខ្សាច់បុកពីក្រោយរួចកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ រថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនឯកជនមួយបានបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងឈប់ចាំស្តុបនិង កិនបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងឯម្នាក់ទៀតរងរបួសស្រាល
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុបបំបែកជាបី បត់ចូលក្នុងទីក្រុង OCIC ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះដែវស្លាប់មានឈ្មោះ ទុយ បាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងពិដាន ស្នាក់នៅខណ្ឌច្បារអំពៅ ។ អ្នករួមដំណើរពីក្រោយមានឈ្មោះ មាស វុទ្ធី ភេទប្រុសអាយុ៣២ឆ្នាំមានមុខរបរជាងពិដានស្នាក់នៅជាមួយគ្នា។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១E-២៤៦០ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ ទិសដៅពី ជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណៈពេលដែលមកដល់ចំណុចកើតហេតុ គឺបានឈប់ម៉ូតូ របចាំស្តុបភ្លើងខៀវដើម្បីធ្វើដំណើរទៅមុខបន្ត ស្របពេលនោះក៏មានរថយន្តធំដឹកដី មួយគ្រឿង ម៉ាក Mitsubishi គ្មានស្លាកលេខមុខក្រោយ ប៉ុន្តែមានស្លាកលេខនៅលើ ពន្ធផ្លូវ ដែលបិទកញ្ចក់រថយន្ត ពាក់ស្លាកលេខ ភ្នំពេញ ៣D-៧៦៩៩ បើកតាមបណ្ដោយផ្លូវជាតិលេខ៦ ស្របទិសដៅគ្នា មកពីក្រោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលមកបុកម៉ូតូពីក្រោយពេញទំហឹង អូសជាងម៉ែត្រ បណ្ដាលឲ្យ កិនក្បាលបុរសម្នាក់ ស្លាប់ភ្លាមៗ និង ម្នាក់ទៀតរងរបួសស្រាល ។ ចំណែកអ្នកបើកបររថយន្តបង្កក្រោយកើតហេតុត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី ។
ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕