អាសូរណាស់! នៅសល់មួយសប្ដាហ៍ទៀតភ្ជាប់ពាក្យ តែអកុសលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់
ភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូឌុបគ្នាចេញពីធ្វេីការ បានជ្រុលទៅបុករថយន្តបែនដឹកដីដែលឈប់លេីស្ពាន ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់នៅនិងកន្លែងឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២០ នៅត្រង់ចំណុចលើស្ពានលីយ៉ុងផាត់ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សូយ ធារ៉ូ អាយុ២៦ឆ្នាំ មុខរបរជាងដែកស្នាក់នៅបន្ទប់ជួលម្តុំសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១០ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AF-7389ជិះគ្នា២នាក់ ដោយម្នាក់ទៀតរងរបួសធ្ងន់ ។ ចំណែករថយន្តបង្កម៉ាក KIA ប្រភេទបែនដឹកដី ពណ៍ត្រេអ៊ុី គ្មានស្លាកលេខ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា២នាក់បានជិះម៉ូតូឌុបគ្នាចេញពីផ្លូវវិមានឈ្នះឈ្នះបំណងឆ្លងស្ពានលីយ៉ុងផាត់ ទៅត្រេីយខាងលិច ខណៈមកដល់លេីស្ពានស្រាប់តែជ្រុលទៅបុករថយន្តបែនដឹកដីដែលឈប់នៅលេីស្ពានចំពីក្រោយ ដែលរថយន្តដឹកដីនោះទំនងជាខូចចតនៅលើស្ពាន គ្មានដាក់សញ្ញាសំគាល់អ្វីទាំងអស់ បណ្ដាលឲ្យជនរងគ្រោះអ្នកឌុបបោកក្បាលជាមួយរថយន្តរួមនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង ឯម្នាក់ទៀតបានរងរបួសធ្ងន់ ។ គ្រានោះរថយន្តដឹកដីខាងលេីបានរអិលថយក្រោយទៅបុកនឹងបង្កាន់ដៃស្ពានទល់ជាប់នៅនិងកន្លែងទើបអស់ល្បឿន តែក៏បង្កឱ្យបង្កាន់ដៃស្ពានរងការខូចខាតផងដែរ ។ ឃើញដូច្នោះតៃកុងដែលជាអ្នកបើករថយន្តនោះបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
បន្ទាប់ពីកេីតហេតុភ្លាមៗជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះផងដែរ ។
បេីតាមសម្ដីបងប្រុសបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា ប្អូនប្រុសរបស់គាត់នៅសល់តែមួយអាទិត្យទៀតនឹងរៀបចំពិធីភ្ជាប់ពាក្យហើយ តែអកុសល មិននឹកស្មានថាមកជួបគ្រោះថ្នាក់ចរាចរណ៍ បែបនេះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វេីការវាស់វែង អូសយករថយន្ត និងម៉ូតូទៅរក្សាទុកបណ្តោះអសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលចរាចរណ៍ភ្នំពេញដើម្បីកសាង សំណុំរឿងចាត់ការបន្ត។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនទៅសាច់ញាតិដឹកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕