រថយន្តដឹកជ្រូកបេីកលឿនជ្រុលបុកជាមួយរថយន្តដឹកកម្មករបណ្តាលឲ្យមនុស្សប្រុសស្រីជាង១០នាក់រងរបួសធ្ងន់និងស្រាល
ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់និងស្រាល ត្រូវរថយន្តសង្គ្រោះ បន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈដែលរថយន្ត ដឹកជ្រូកបើកមិនប្រយត្ន័ជ្រុលទៅបុកពីក្រោយរថយន្តកូរេដឹកកម្មករ
ហេតុការណ៍គ្រោះថ្នាក់ចរចាណ៍ដ៏ព្រឺព្រួចនេះបានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០នៅតាមបណ្ដោយផ្លូវ២១៧កែងនឹងផ្លូវ ក្រវាត់ក្រុង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-8604 បើកបរ ដោយបុរសម្នាក់ ធ្វើដំណើរមកដល់ផ្លូវ៥០ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀតដឹកកម្មករមកពីក្រោយមកឈប់ដូចគ្នា បន្ទាប់មកស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខកណ្ដាល 3A-0806 ដឹកជ្រូក បើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកកម្មករពីក្រោយពេញទំហឹងបណ្ថាលឲ្យរថយន្តកូរ៉េដឹកកម្មករបន្តទៅបុករថយន្តហាយឡិនឌ័ររួចក៏រេចង្កូតទៅប៉ះជាមួយនឹងរថយន្តដឹកបង្គោលភ្លើងបណ្តាលឲ្យកម្មករប្រុសស្រីជាង១០ នាក់រងរបួសធ្ងន់និងស្រាល ។
បើតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថា ជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅយកធ្វើការនៅរោងចក្រនៅសង្កាត់ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន៣០ នាក់តែព្រឹកនេះគឺមានតែ២៥ នាក់ទេដោយសារតែ៥ នាក់ទៀតបានជិះម៉ូតូជាមួយបងប្អូន ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ ។ ចំណែករថយន្តទាំងព៣គ្រឿងត្រូវសមត្ថកិច្ចចុះមកវាស់វែងអូសយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានាពេលក្រោយ ៕