Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូឆក់កាបូបបាន​សម្រេច​ ព្យាយាមជិះគេចខ្លួនតែត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដេញក្របួចបាន

ភ្នំពេញ​ ៖​ កម្លាំងខណ្ឌដង្កោបានដេញស្ទាក់​ចាប់ជនសង្ស័យម្នាក់ដែលជិះម៉ូតូឆក់កាបូបពី​នារីម្នាក់​បានសម្រេច កាលពីវេលាម៉ោង​១៩​និង០០នាទី ថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ ត្រង់​ចំណុចផ្លូវបេតុង បុរីឡាយគង់ ភូមិម័ល សង្កាត់​ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ ផន អុីម​ ភេទ​ប្រុស​អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ យ៉ង តូច ភេទ​ស្រី អាយុ២២ឆ្នាំមុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤សង្កាត់​ស្ទឹងមាន​ជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា​ កាលពីថ្ងៃទី២៩ខែ​ឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង២៥នាទី ជនរងគ្រោះឈ្មោះ យ៉ង តូច ភេទស្រីអាយុ​២២ឆ្នាំ និងមិត្តភក្តិឈ្មោះ សៃ មុំ ភេទស្រីអាយុ២៣ឆ្នាំ បានហៅផាសអេប ជិះចេញពី​បន្ទប់ជួល ស្ថិតនៅភូមិទ្រា៤ សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅហូបមីឆានៅក្នុងបុរីឡាយគង់ ស្ថិតនៅ​ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោរាជធានី​ភ្នំពេញ។ រហូតដល់វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះ និងមិត្តភក្តិ បានជិះផាសអេប​ទៅ​ដល់ចំណុចខាងលើ ហើយបម្រុងចុះពី​លើផាសអេបទៅហូបមីឆា ក៏មានជនសង្ស័យឈ្មោះ ផន អុីម ភេទប្រុសអាយុ២៧ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាមហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ ម្នាក់ឯង បាន ធ្វើសកម្មភាពឆក់យកកាបូប​លុយរបស់ជនរងគ្រោះដែលនៅក្នុងកាបូប​លុយនោះមានលុយខ្មែរចំនួន២០៦០០០រៀល (ម្ភៃម៉ឺនប្រាំមួយពាន់រៀល) លុយដុល្លារចំនួន២១ដុល្លារ និងទូរស័ព្ទដៃម៉ាកOppo ចំនួន០១ គ្រឿង រួចបើកម៉ូតូគេចខ្លួន។ ហើយជនរងគ្រោះក៏បានស្រែកឆោឡោថាចោរៗ រួចក៏មានសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានជួយអន្តរាគមន៍ជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ បុរីភ្នំមាសផ្លូវបេតុង ស្ថិតនៅភូមិ សង្កាត់ម័ល ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជនសង្ស័យបានផ្តួលម៉ូតូរត់គេចខ្លួនទៅក្នុងប្រឡាយទឹក ហើយសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួន ជនសង្ស័យបាន​រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង​ ។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​សមត្ថកិច្ចឃាតនិងឃុំខ្លួននៅអធិការខណ្ឌ​ដង្កោដើម្បីកសាងសំណុំរឿងចាត់ការបន្ត​តាមនិតិវិធី៕