Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

យុវជនម្នាក់ផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ​ ត្រូវម្ចាស់ផ្ទះឃើញចាប់ប្រគល់​ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖​ ជនសង្ស័យម្នាក់បានផ្លោះរបងចូល​ផ្ទះរបស់ប្រជាពលរដ្ឋ​ រួចឡើងលើសំយ៉ាបផ្ទះ​ស័ង្កសីបំណងចូលទៅក្នុងផ្ទះជាន់ទីមួយ​ត្រូវម្ចាស់ផ្ទះឃើញ​ ស្រែកឱ្យចុះមកក្រោមចាប់​ប្រគល់ឲ្យសមត្ថកិច្ច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែ​មិថុនា ឆ្នាំ២០២០​ នៅចំណុចជិតផ្ទះសំណាក់​ស្ទឹងលាភ នៅតាមបណ្ដោយផ្លូវ លូ ខាង​ក្រោយក្រុមហ៊ុនស្រាបៀរកម្ពុជា ភូមិស្ទឹង​មានជ័យ​ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យុវជនសង្ស័យមានឈ្មោះ ឡាង យ៉ុង ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបររៀនជួសជុលរថយន្ត ស្នាក់នៅម្ដុំពោធិ៍ចិនតុង។
ចំណែកឯម្ចាស់ផ្ទះឈ្មោះ សម្រិត​ សឿន ភេទប្រុសអាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជា​មន្ត្រីរាជការចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២៥​B ផ្លូវ២៧១​ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសម្ដីរបស់ម្ចាស់ផ្ទះបានប្រាប់​ឲ្យ​ដឹង​ថា​ ដំបូងគាត់ឮសូរសំយ៉ាបស័ង្កសី លាន់សូរសម្រិតជើងមនុស្សដើរគាត់ក៏បានចេញ មកខាងក្រៅផ្ទះស្រាប់តែឃើញជនសង្ស័យម្នាក់បំណងប្រុងផ្លោះចូលទៅតាមបង្អួចផ្ទះរបស់គាត់នៅជាន់ទីមួយគាត់ក៏បានស្រែក​ប្រាប់បងប្អូនរបស់គាត់ចេញមកព្រមគ្នាហើយ​បានឱ្យជនសង្ស័យចុះតាមសម្រួល។ បងប្អូនរបស់គាត់មានអ្នកខ្លះកាន់ដំបងខ្លះកាន់កាំបិតនិងកាន់ដែកដើម្បីការពារខ្លួន​ដើម្បី​កុំឲ្យជនសង្ស័យតដៃ ហើយក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមាន​ជ័យទី១​ យកទៅសួរនាំ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចយកសួរនាំនិង ឱ្យជនរងគ្រោះទៅ​ដាក់ពាក្យបណ្ដឹង​ ធ្វើកំណត់ហេតុបញ្ជួនទៅអធិការខណ្ឌមានជ័យ​ ដើម្បីកសាង​សំណុំ​ចាត់ការបន្តតាមនីតិវិធី​ ៕