ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យយុវជនម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ឡុងឈឹន ភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែល (ស្លាប់)មានឈ្មោះ សែម សល់ ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅស្លែងមានជ័យឃុំឈ្វាំងស្រុកពញាឮខេត្តកណ្តាល និងម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ ហ៊ាង សុនី ភេទប្រុសអាយុ១៦ឆ្នាំ អ្នកទាំងពីរជាកម្មកររោងសិប្បកម្មសាគូរ៉ា នៅខណ្ឌឬស្សីកែវ ជិះម៉ូតូម៉ាកនិកពណ៌សពាក់ស្លាកលេខភ្នំពេញ1IB-7579 ។
ចំណែកជនរងគ្រោះ ភាគីខាងម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខពោធិ៍សាត់1B-0089 របួសធ្ងន់ឈ្មោះ ឡាំង សុីនាងភេទប្រុសអាយុជាង៣០ឆ្នាំ ស្នាក់នៅឃុំអញ្ចាញរូងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃើញម៉ូតូម៉ាក និច ជិះដោយយុវជនពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ឡុងឈឹនទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំនុចកេីតហេតុ ស្រាប់តែម៉ូតូ០១គ្រឿងទៀតម៉ាកវីវ៉ា ជិះដោយបុរសម្នាក់ខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅបុកគ្នាជាមួយម៉ូតូ និច ពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងឯ២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីពេទ្យដើម្បីព្យាបាល ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចកេីតហេតុទាក់ទងជំនាញមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ។ ចំណែកសពជនរងគ្រោត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕