មានជំងឺបេះដូងប្រចាំកាយរាំរ៉ៃធ្លាក់ ពីលើកង់បីឥណ្ឌារបួសធ្ងន់ ស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ភ្នំពេញ ៖ បុរសម្នាក់ធ្លាក់ពីលើកង់បីឥណ្ឌាបណ្ដាលឲ្យស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបើកកង់បីសុខៗស្រាប់តែងងឹតមុខធ្លាក់ពីលើកង់បីបោកក្បាលនឹងថ្នល់ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចខាងកើតផ្សារប៉េសេ តាមបណ្ដោយផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ៉ែន សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា រស់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើកកង់បីឥណ្ឌា ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HC.6744។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះបានបើកកង់បីឥណ្ឌាចេញពីផ្សារប៉េសេ ឆ្លងផ្លូវទៅឆ្វេងដៃតាមបណ្ដោយផ្លូវ ៣៧១ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញធ្លាក់ពីលើកង់បី បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់មកប្រជាពលរដ្ឋបានជួយសង្គ្រោះបឋមនឹងបានទាក់ទងទៅរថយន្តសង្គ្រោះគ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែជាអកុសលដល់ពាក់កណ្តាលផ្លូវបានដាច់ខ្យល់ស្លាប់ ។
តាមសម្ដីបងប្រុសបង្កើតរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ បេះដូងរីក ហើយលេបថ្នាំជារៀងរាល់ថ្ងៃមិនដឹងថា ថ្ងៃនេះគាត់អស់កម្លាំងឬក៏វិលមុខយ៉ាងម៉េចទេទើបបណ្ដាលឲ្យធ្លាក់ពីលើកង់បីស្លាប់ ចោលប្រពន្ធនិងកូនតូចៗបែបនេះ ។
ក្រោយមកខាងគ្លីនិកឯកជនក៏បានទាក់ទងតាមទូរស័ព្ទប្រាប់សាច់ញាតិឲ្យមកទទួលយកសពជនរងគ្រោះទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕