Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់ ! បាញ់សំលាប់ប្លន់យកម៉ូតូទាំងថ្ងៃរួចគេចខ្លួនដោយសុវត្ថិភាព

ព្រៃវែង៖​ បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុម​បាញ់សម្លាប់ប្លន់យកម៉ូតូបានសម្រេចរួច​ខ្លួន​បាត់ស្រមោល
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០១និង៣៧នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំក្របៅ​ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

ជនរងគ្រោះមានឈ្មោះ ប៊ុត វណ្ណា អាយុ​២៨​ឆ្នាំ មុខរបរជាជ័រកៅស៊ូ ស្នាក់នៅភូមិវត្ត ឃុំត្រោះ ស្រុករមាហែក ខេត្តស្វាយរៀង។ ចំណែក​ម៉ូតូ ដែលជនសង្ស័យប្លន់យកទៅ​ម៉ាកហុងដា​ ឌ្រីមសង់ ស៊េរី២០១៨ពាក់ផ្លាក​លេខ ព្រៃវែង 1M-5254។

យោងតាមប្រភពពីសាក្សីបានអោយដឹងថា​មុនកើតហេតុជនរងគ្រោះចេញពីលាងម៉ូតូ បំណងជិះត្រឡប់ទៅផ្ទះវិញលុះបើកមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យមួយក្រុមដក​កាំភ្លើងខ្លី បាញ់ប្រហារទៅលើជនរងគ្រោះ០១គ្រាប់ត្រូវចំចង្កេះបណ្ដាលឲ្យ​រងរបួសធ្ងន់។​ ភ្លាមៗជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ បញ្ជូនទៅ​មន្ទីរ​ពេទ្យបង្អែកស្រុកកំចាយមារ តែជាអកុសល ពេលទៅដល់ក្រុមគ្រូពេទ្យប្រាប់ថា ជនរង​គ្រោះបានស្លាប់បាត់ហើយ។
នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញ វត្ថុតាងក្បាលគ្រាប់ចំនួន០១ នៅបៀមជាប់ជនរងគ្រោះ ប្រភេទក្បាលគ្រាប់រ៉ូឡូ ១៧X៧មីលីម៉ែត្រ។

បច្ចុបន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕