អាសូរណាស់! ក្មេងស្រីពីរនាក់កំពុងអង្គុយលេងនៅក្រោមផ្ទះត្រូវរន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស
រតនគិរី៖ ក្មេងស្រីពីរនាក់អង្គុយលេងក្រោមផ្ទះ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំងស្រាប់តែរន្ទះបាញ់ផ្ទាំងសូឡាបណ្តាលឲ្យក្មេងស្រីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ហេតុការណ៍គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង១០នាទីរសៀលថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០ ម្សិលមិញនៅចំណុចផ្ទះចម្ការរបស់ឈ្មោះ ប៊ុន ហៀង ស្ថិតនៅក្នុងភូមិកំពុងចាម ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
នគរបាលស្រុកវើនសៃបានឲ្យដឹងថា ក្មេងស្រីទាំងពីរនាក់ទី១ / ឈ្មោះ ហៀង ស្រីនាង អាយុ១៤ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិវេីនសៃ ឃុំវេីនសៃ ស្រុកវេីនសៃ ខេត្តរតនគិរី(ស្លាប់)។
២/ ឈ្មោះ ហៀវ សែនឌី អាយុ១០ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវេីនសៃ ខេត្តរតនគិរី បានរងរបួសធ្ងន់ត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល
នគរបាលបានបន្តថា មុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងស្រាប់តែរន្ទះបានបាញ់ផ្ទាំង សូឡាស្រូបត្រូវជនរងគ្រោះកំពុងតែអង្គុយនៅក្រោមផ្ទះបណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី៕