មន្ត្រីកងរាជអាវុហត្ថរាជធានីភ្នំពេញ វាយមន្ត្រីយោធាកងកិត្តិយសត្រែទ័ពបែកក្បាលត្រូវនគរបាលចាប់ដាក់ខ្នោះ
កណ្តាល ៖ មន្ត្រីជើងខ្លាំងពីរនាក់ដែលមានតួនាទីភារកិច្ចជាមន្ត្រីរាជការ តែបែរជាយកកម្លាំងបាយទៅដោះស្រាយបញ្ហាដោយមិនចេះខ្មាស់អៀនមហាជនម្នាក់ត្រូវបានគេស្គាល់ថាជាមន្រ្តីកងរាជអាវុធហត្ថរាជធានីពេញ និងម្នាក់ទៀតជាមន្ត្រីយោធាកងកិត្តិយសត្រែទ័ព បានប្រើអំពើហិង្សាដាក់គ្នារហូតបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០ នៅចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ ស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល រងរបួសបែកក្បាល ។ រីឯជនសង្ស័យឈ្មោះ ជា សង្ហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាវុធហត្ថនៅអង្គភាពកងរាជអាវុហត្ថរាជធានីពេញមានទីលំនៅ ភូមិស្នាពីមុខ ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបាននគរបាលឃាត់ខ្លួន ដោយមានវត្ថុតាងចាប់យកមានអាវុធខ្លី ម៉ាកK54ចំនួន០១ដើមលេខ55006467បង់១,គ្រាប់ចំនួន៨គ្រាប់។
លោកអធិការបានបន្តទៀតថានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១០និង០០នាទី យប់ជនសង្ស័យ បានជិះម៉ូតូឌុបប្រពន្ធនិងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេនៅបុរីចតុមុខ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ត្រឡប់ទៅភ្នំពេញ ពេលជិះមកដល់ផ្លូវកៅស៊ូក៏ជួបជនរងគ្រោះកំពុងជិះម៉ូតូស្របទិសគ្នា ហើយមានទំនាស់ពាក្យសម្ដីនិងគ្នារឿងភ្លើងចាំងភ្នែក បន្ទាប់មកជនសង្ស័យបានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះ ហើយជនសង្ស័យបានដកអាវុធខ្លី ពីចង្កេះមកវាយជនរងគ្រោះ ត្រូវចំក្បាល បណ្ដាលឲ្យបែកហូរឈាម ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍ស្វាយជ្រុំ និងកម្លាំងផ្នែកយុត្តិធម៌ស្រុក បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តអនុវត្តតាមនីតិវិធី ៕