Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ខណ្ឌដង្កោ បន្តរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន០៤សង្កាត់បន្ថែមទៀត!

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តសាក់សំពៅ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ដែលមានប្រជាពលរដ្ឋមកពី ០៤សង្កាត់ រួមមាន៖ សង្កាត់សាក់សំពៅ, ក្រាំងពង្រ, ពងទឹក និង សង្កាត់ព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ, ឯកឧត្តម គុជ ស៊ីនិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ក្រាំងពង្រ ឯកឧត្តម ប៊ុន សេរី ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ, ក្រុមការងារចុះជួយសង្កាត់ទាំង៤, សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ, លោកនាយក នាយករងខណ្ឌ, លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ២២១រូប ,ស្រី ៣៨រូប។
*ក្នុងវេទិកា ប្រជាពលរដ្ឋបានលើកសំណើ សំណូមពរផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរសរុបចំនួន ១៥ ៖
១-/ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ចំនួន ០២សំណើ។
២-/ វិស័យទឹកស្អាត ចំនួន ០២ សំណើ។
៣-/ វិស័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន ចំនួន ០៦សំណើ។
៤-/ វិស័យអបរំ ចំនួន ០១សំណើ។
៥-/ វិស័យអគ្គិសនី ចំនួន ០២សំណើ។
៦-/សេវាសាធារណៈ ០១សំណើ។
៧-/វិស័យបរិស្ថាន ចំនួន ០១សំណើ

ក្នុងឱកាសបើកវេទិកានោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកនូវអាហារសម្រន់ មាននំប៉ាវ ទឹកក្រូច ទឹកសុទ្ធចែកជូនដល់សមាជិកចូលរួមទាំងអស់បរិភោគរួមគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល និងបានធ្វើការឆ្លើយបំភ្លឺ បកស្រាយពីលទ្ធភាពដំណោះស្រាយជាក់ស្តែង តាមសំណើនិមួយៗរបស់ប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

បន្ទាប់ពីបញ្ចប់វេទិកាសាធារណៈ ឯកឧត្តម រ័ត្ន ស្រ៊ាង និងក្រុមការងារក៏បាននាំយកទេយ្យវត្ថុរួមមាន ថវិកាចំនួន០១លានរៀល ទៀនធំ០១គូ ទឹកសុទ្ធនិងទឹកក្រូច(មូតាន់) ២០កែស អង្ករ០៦ការ៉ុង និងមី០៦កែស ប្រគេនដល់ព្រះចៅអធិការវត្តសាក់សំពៅ ព្រមទាំងបានឧបត្ថម្ភថវិកាដល់កម្លាំងការពារសណ្តាប់ធ្នាប់ និងក្រុមការងារយុវជនដែលបានចូលរួមនៅពេលនោះផងដែរ ៕