បង្ក្រាបគ្រឿងញៀនជិត ២០០គីឡូក្រាម និងសារធាតុគីមីសរុបជាង ៣០០០គីឡូក្រាម សម្រាប់ផលិតគ្រឿងញៀន នៅក្រុងភ្នំពេញ
ភ្នំពេញ ៖ នៅថ្ងៃច័ន្ទ ១៤កើត ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនឆ្លងដែននាំចេញទៅកោះតៃវ៉ាន់ ដោយរឹបអូសគ្រឿងញៀនជិត២០០គីឡូក្រាម និងសារធាតុគីមី សរុបជាង៣០០០គីឡូក្រាម សម្រាប់ផលិតគ្រឿងញៀន។
ប្រតិបត្តិការដ៏ធំនេះ ក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលសន្តិសុខ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយនៃ ប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅថ្ងៃអាទិត្យទី១៩ខែកក្កដាឆ្នាំ២០២០ នាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា ដោយឃាត់ជនសង្ស័យម្នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀនចំនួន១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។
ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨.៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ២០.១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ។
ដោយមានការឯកភាពអន្តរាគមន៍ពីលោក ព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានបន្តចុះឆែកឆេរទីតាំងលាក់ទុកនូវសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងខណ្ឌកំបូល ដោយដកហូតបាននូវសារធាតុគីមីចំនួន ១១មុខ សរុបមានទម្ងន់ ៣១៤៦.១៩គីឡូក្រាម និងបន្តចុះឆែកឆេរទីតាំងរក្សាទុកម៉ាស៊ីនសម្រាប់ផលិតគ្រាប់ថ្នាំញៀនមួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីនអុកគ្រាប់ថ្នាំញៀនចំនួន ០២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន ១៤សម្រាប់។
តាមការបញ្ជាក់ ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅឯបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់ក្នុងពេលឆាប់ៗខាងមុននេះ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តនិងស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅឯបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕