Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

តុលាការដោះលែងស្ត្រីដែលក្លែងឯកសារលួចផ្ទះគេលក់ ខណៈជនរងគ្រោះសង្ឃឹមថាតំណាងអយ្យការនឹងប្ដឹងទាស់

(ភ្នំពេញ)៖ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើជនត្រូវចោទចំនួន ៣បទល្មើស ស្រាប់តែចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឲ្យត្រឡប់ទៅផ្ទះវិញ។

សូមជម្រាបថា ជនត្រូវចោទឈ្មោះ មាស ផាន្នីដា ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅផ្ទះលេខ៥៥ ផ្លូវលេខ៧៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ និងបញ្ជូនខ្លួនទៅតុលាការកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ម្សិលមិញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយសាកសួរ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើឈ្មោះ មាស ផាន្នីដា ពីបទ ក្លែងឯកសារសាធារណៈ, បទ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១០, ខែធ្នូ ឆ្នាំ២០១៩ និងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។

បន្ទាប់ពីបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបសួរ ចាត់ការតាមផ្លូវច្បាប់នោះ ស្រាប់តែលោកចៅក្រម លី សុខឡេង សម្រេចដោះលែងជនត្រូវចោទ ដោយមិនឃុំខ្លួនជាបណ្ដោះអាសន្ន និងដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ជុំវិញករណីមិនឃុំខ្លួនជនត្រូវចោទឈ្មោះ មាស ផាន្នីដា នេះ ជនរងគ្រោះ បានសម្ដែងការខកចិត្តជាខ្លាំងចំពោះចំណាត់ការរបស់លោកចៅក្រមស៊ើបសួរ លី សុខឡេង ដែលហាក់ពុំបានគិតពីផលប៉ះពាល់ដែលជនរងគ្រោះបានទទួលរងអស់ជាច្រើនឆ្នាំកន្លងទៅនោះសោះ។

ជាមួយគ្នានេះ ជនរងគ្រោះ បានអំពាវនាវឲ្យតំណាង និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងប្ដឹងទាស់ចំពោះសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរនេះ។

ម្យ៉ាងទៀត ការប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ ពីសំណាក់តំណាងអយ្យការ និងព្រះរាជអាជ្ញា ក៏ជាការបង្ហាញអំពីការយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនគរបាលយុត្តិធម៌ផងដែរ។

គួររម្លឹកថា ជនត្រូវចោទឈ្មោះ មាស ផាន្នីដា ត្រូវបានជនរងគ្រោះឈ្មោះ កែ ប៊ិនសូរស្មី ដាក់ពាក្យប្តឹងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយចោទប្រកាន់ថា ជនសង្ស័យបាន ក្លែងស្នាមមេដៃរបស់ដើមបណ្ដឹង នៅលើឯកសារផ្ទេរកម្មសិទ្ធិផ្ទះមួយកន្លែងនៅក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ឲ្យទៅឈ្មោះ អ៊ុក ធីតា៕