Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ប៉ូលិសដែលចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន​បានហើយ​ ក្រោយជនរងគ្រោះប្រតិកម្ម

ស្វាយរៀង៖​ សមត្ថកិច្ចចាប់ខ្លួនបានហើយ ជនសង្ស័យឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលអង្គតាសូ បច្ចុប្បន្នរស់នៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ១៥ឆ្នាំ តែមិនបានសម្រេច ។

នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

គួររំលឹកថា ឪពុកម្តាយក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលអង្គតាសូ បច្ចុប្បន្នរស់នៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពីបទ «រំលោភសេពសន្ថវៈតែមិនបានសម្រេច» ដែលពេលនេះ កំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ។

ក្រុមគ្រួសារជនរងគ្រោះ ថ្លែងប្រាប់នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ពួកគាត់កំពុងរងការឈឺចាប់យ៉ាងខ្លាំង ដែលប៉ូលិសរូបនេះ បាន«រំលោភសេពសន្ថវៈតែមិនបានសម្រេច»លើកូនស្រីអាយុ១៥ឆ្នាំ ហើយកំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ទោះបីពួកគាត់បានដាក់ពាក្យបណ្តឹងរួចក៏ដោយ ។

គ្រួសារជនរងគ្រោះ អះអាងថា រឿងនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

រឿងនេះ ដំបូងគឺខាងប៉ូលិសប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានហៅពួកគាត់ទៅជួបនិងសុំអោយធ្វើការសម្របសម្រួលគ្នា តែពួកគាត់មិនព្រមទេ ដោយសារទង្វើរបស់ឈ្មោះ ម៉ៅ វីរៈ ហៅចំរើន ធ្វើអោយពួកគាត់មានការឈឺចាប់ខ្លាំងណាស់ ទើបសម្រេចចិត្តប្តឹងមកតុលាការ តែម្តង ។

ទោះបីយ៉ាងណា នៅពេលនេះ ក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ហើយជនល្មើសក៏កំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ទៀតផង ។
បញ្ហានេះ ក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថា ថ្នាក់ដឹកនាំនិងតុលាការខេត្តស្វាយរៀង មេត្តាជួយរកយុត្តិធម៌អោយពួកគាត់ផង ៕