Friday, November 22, 2024
Latest:
សុខភាព

ការលក់សាប៊ូបំបាត់សក់ស្កូវ MOKERU នៅតែបន្ដកើតមាន បើទោះជាក្រសួងសុខាភិបាលបានហាមឃាត់

(ភ្នំពេញ)៖ បើទោះជាក្រសួងសុខាភិបាល កម្ពុជា ទើបតែបានចេញសេចក្ដីជូនព័ត៌មាន ហាមឃាត់មិនឲ្យមានការលក់សាប៊ូកក់សក់បំបាត់ស្កូវឈ្មោះ MOKERU ក៏ដោយចុះ ក៏បច្ចុប្បន្នគេនៅតែសង្កេតឃើញមានការបង្ហោះលក់ផលិតផលមួយនេះ ជាសាធារណៈនៅទំព័រ Facebook មួយចំនួន។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ បានហាមឃាត់ទំព័រ Facebook មួយចំនួនមិនឲ្យលក់ផលិតផលសាប៊ូកក់សក់បំបាត់ស្កូវឈ្មោះ MOKERU ដោយសារតែ ផលិតផលមួយនេះ គ្មានលេខប្រវេសន៍ និងគ្មានច្បាប់អនុញ្ញាតិឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ សូមបងប្អូនបញ្ឈប់ការប្រើប្រាស់ផលិតផលសាប៊ូ MOKERU ជាបន្ទាន់។

ជាមួយគ្នានេះក្រសួងសុខាភិបាល ក៏បានព្រមានចាត់វិធានការតឹងរ៉ឹងចំពោះជនណាដែលនៅតែបន្ដ នាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលខាងលើនេះ ដោយមិនគោរពច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ។

ទោះជាយ៉ាងនេះក្ដី សកម្មភាពលក់ផលិតផលសាប៊ូ MOKERU ហាក់នៅតែបន្ដ និងមានទំហំធំទៅៗ ព្រមទាំងមានការប្រកាសរកតំណាងចែកចាយថែមទៀតផង នៅលើបណ្ដាញទំណាក់ទំនងសង្គម Facebook មួយចំនួន។

គួររម្លឹកថា បន្ទាប់ពីមានសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ក៏ធ្លាប់បានចុះបង្ក្រាបផលិតផលសាប៊ូ MOKERU ជាច្រើនលើកផងដែរ ប៉ុន្ដែក្រុមឈ្មួញហាក់មិនខ្លាចញញើតច្បាប់សោះ៕