Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាលាឧទ្ធរណ៍ កាត់ទោស មន្ត្រីយោធាម្នាក់ និងបក្ខពួក រឿង ឆបោក និងក្លែងឯកសារ បន្ទាប់ពីព្រះរាជអាជ្ញាក្រុងភ្នំពេញប្តឹងឧទ្ធរណ៍

ភ្នំពេញ៖ ទីបំផុតទៅ សំណុំរឿង មន្ត្រីយោធា ម្នាក់ និងអតីតមន្ត្រីឃុំម្នាក់ ដែលនាំគ្នា ឆបោកលុយពលរដ្ឋ និងក្លែងឯកសារ ទិញដីធ្លីជាច្រើន ខេត្តកំពតត្រូវបាន តុលាការ សាលាឧទ្ធរណ៍ លើកយកមកជំនុំជម្រះហើយ កាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨កន្លងទៅ។

ការបើកសវនាការ កាត់ទោស ជនជាប់ចោទឈ្មោះ ស៊ុន សៀង និងឈ្មោះ ហេង សាន ត្រូវបាន សាលាឧទ្ធរណ៍ធ្វើឡើង បន្ទាប់ពី ឯកឧត្តម យ៉េត ចរិយា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ចែ សុង ជាតំណាងអយ្យការកាន់សំណុំរឿង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ បានដាក់ពាក្យប្តឹង ឧទ្ធរណ៍ ប្រឆាំងសេចក្តីសម្រេចនៃសាលក្រមរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែយល់ឃើញថា លោក កូយ សៅ បានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ជនជាប់ចោទ ជាមន្ត្រីអង្គរក្ស និងអតីតមន្ត្រីឃុំ ទាំង ២នាក់ខាងលើ មិនសាកសមនឹងទោសកំហុសរបស់ពួកគេ ដែលបានប្រព្រឹត្តលើពលរដ្ឋស្លូតត្រង់។

សវនាការកាលពីរសៀលថ្ងៃទី២២ សីហា បានធ្វើឡើងដោយមានលោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក នួន រតនា និងលោកស្រី គឹម ដានី ជាចៅក្រមប្រឹក្សា និងមានលោកស្រី យិន សុគន្ធារី ជាតំណាងមហាអយ្យការ។

ទោះជាយ៉ាងណា នៅក្នុងសវនាការ តុលាការ បានសាកសួរដេញដោល តែទៅលើការប្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ និងដើមបណ្តឹង ពាក់ព័ន្ធនឹង សំណង និងជំងឺចិត្តតែប៉ុណ្ណោះ ចំណែកបណ្តឹងឧទ្ធរណ៍របស់ តំណាងងអយ្យការសាលាដំបូង ចំនួន ២សំណុំរឿង មិនត្រូវបាន លើកយកមក ដេញដោលឲ្យអង្គសវនាការ បានដឹងច្បាស់នោះទេ គឺគ្រាន់តែ រំលឹកបណ្តឹងឧទ្ធរណ៍ របស់ព្រះរាជអាជ្ញា មួយសំណុំរឿង ក៏កាត់សេចក្តី តែបណ្តឹងឧទ្ធរណ៍របស់គូភាគី រហូតដល់ចប់ សវនាការ។

គេបានសង្កេតឃើញថា លោកប្រធានក្រុមប្រឹក្សា ព្យាយាម សាកសួរដេញដោលតែលើរឿង សំណងរដ្ឋប្បវេណី ដែលជាបណ្តឹងឧទ្ធរណ៍របស់គូភាគី ខណៈដែលបណ្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញ ហាក់មិនត្រូវបានបានអើពើ។

នៅពេលសេចក្តីសន្និដ្ឋាន លោកស្រី យិន សុគន្ធារី ជាតំណាងមហាអយ្យការ នៃសវនាការ បានសំណូមពរឲ្យ ក្រុមប្រឹក្សា ពិចារណា លើបណ្តឹងឧទ្ធរណ៍ របស់តំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញផងដែរ ពីព្រោះតែ បណ្តឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ទុកថា ការផ្តន្ទាទោស ដាក់ពន្ធនាគារលើជនជាប់ចោទ មានលក្ខណៈស្រាលពេក មិនសាកសម និងទោសកំហុសរបស់ពួកគេដែលបានប្រព្រឹត្តលើប្រជាពលរដ្ឋ។

នៅក្នុងសវនាការ ក្រុមជនជាប់ចោទ បានឆ្លើយថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ ប៉ុន្តែពួកគេ មិនមានសាក្សី និងភស្តុតាង ដោះបន្ទុកនោះទេ គឺគ្រាន់តែនាំគ្នាឆ្លើយដាក់ឈ្មោះ នាក់ វិចិត្រ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បាត់ទៅហើយ ដើម្បីឲ្យខ្ញមោច ងើបមកទទួលខុសត្រូវ ចំពោះមុខច្បាប់ជំនួសពួកគេ ដែលជាមនុស្សរស់។

ចំណែកមេធាវី តំណាង ជនរងគ្រោះ បានឲ្យដឹងថា ពួកគាត់បានដាក់ភស្តុតាង យ៉ាងរឹងមាំ ជូនតុលាការរួមមាន លិខិតក្លែងក្លាយ ដែលក្រុមជនជាប់ចោទប្រើប្រាស់ ដើម្បីឆបោកពួកគាត់ ដោយថែមទាំងមាន លិខិតកោសលវិច្ច័យ របស់អគ្គស្នងការនគរបាលជាតិ ថា លិខិត មានស្នាមមេដៃ ត្រាអាជ្ញាធរ ទាំងនោះ ជាលិខិតក្លែងក្លាយពិតមែន។

លើសពីនេះ ជនរងគ្រោះក៏មានឯកសារបញ្ជាក់ថា ក្រុមជនជាប់ចោទពិតជា បានទទួលប្រាក់ខ្លួន តាមរយៈ សែក ជាច្រើនសន្លឹក យ៉ាងពិតប្រាកដ។

មេធាវីការពារ សិទ្ធិឲ្យជនរងគ្រោះ សង្ឃឹមថា តុលាការសាលាឧទ្ធរណ៍ នឹងអាចផ្តល់យុត្តិធម៌ជូនកូនក្តីរបស់ខ្លួន ដោយមិនយកគំរូតាម តុលាការ សាលាដំបូងរាជធានីភ្នំពេញនោះទេ។

ក្រោយបញ្ចប់ការដេញដោល តុលាការបានលើកពេលទៅប្រកាសសាលដីកា សំណុំរឿងនេះ ទៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ខាងមុខ។

គួររំលឹកថា លោក កូយ សៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ
បានចេញសាលាក្រម ព្រហ្មទណ្ឌលេខ ១១៩៤ “ម” ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងសាលក្រមព្រហ្មទណ្ឌលេខ ១១៩៥ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ បានផ្តន្ទាទោស ជនជាប់ចោទទី១ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ ជាមន្ត្រីយោធា និងទី២ឈ្មោះ ហេង សាន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដោយ៖

-សំណុំរឿងទី១៖ សម្រេចផ្តន្ទាទោស ជនជាប់ចោទទាំង ២នាក់ ដាក់ពន្ធនាគារ កំណត់រយៈពេល ៦ខែ ដោយសម្រេចព្យួរទោសទាំងអស់ មិនបាច់ចាំអនុវត្តទោសក្នុងពន្ធនាគារ ពីបទ ឆបោក និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសង សំណងទៅដើមបណ្តឹងចំនួន ៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត ចំនួន ៥០០០ដុល្លារ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

-និងសំណុំរឿងទី២៖ មានចំនួន ០៣ បទចោទប្រកាន់ សម្រេចផ្តន្ទាទោស ជនជាប់ចោទ ទាំង ០២នាក់ ដាក់ពន្ធនាគារ កំណត់រយៈ ពេល ១ឆ្នាំ និង៦ខែ ប៉ុន្តែត្រូវអនុវត្តទោសត្រឹមតែ ៦ខែប៉ុណ្ណោះ ក្នុងពន្ធនាគារ ទី១ពីបទ ក្លែងបន្លំ ស្នាមមេដៃពលរដ្ឋ ហត្ថលេខា និងត្រាអាជ្ញាធរ នៅខេត្តកំពត, ទី២ពីបទ ប្រើប្រាស់លិខិតក្លែង និងទី៣ពីបទ ឆបោក ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា មាត្រា៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕

ហើយសាលក្រមនោះ បានតម្រូវឲ្យជនជាប់ចោទ រួមគ្នាសង សំណងទៅដើមបណ្តឹងចំនួន ៧៥ម៉ឺនដុល្លារ និងសងជំងឺចិត្ត ចំនួន ១០ម៉ឺនដុល្លារ ផងដែរ៕