តុលាការផ្តន្ទាទោសលោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ដាក់គុក ៧ឆ្នាំ
(ភ្នំពេញ)៖ លោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដាក់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀលចូលថវិការដ្ឋ។
សូមជម្រាបជូនថា លោក គ្រុយ លឹមហេង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីអំឡុងចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយពីពករដ្ឋដោយខុសច្បាប់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨។
គួររម្លឹកថា លោក គ្រុយ លឹមហេង ត្រូវបានតុលាការឃុំចេញដីកាបង្គាប់ឲ្យឃុំខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមបទចោទប្រកាន់ចំនួន ៤៖ ទី១បទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ទី២បទ រំលោភអំណាច, ទី៣បទ វីតិក្រម (យកលុយលើសការកំណត់) និងទី៤បទ មិន ប្រកាសទ្រព្យសម្បត្តិ និងបំណុល (ចាប់តាំងពីឆ្នាំ២០១៥ ដល់២០១៩)៕