សង្ស័យតូចចិត្តនិងវាសនាខ្លួនឯងទើបចេញពីមណ្ឌលកែប្រែ ក៏ចង.កសម្លាប់ខ្លួន
ភ្នំពេញ ៖ បុរសម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងផ្ទះបាញ់ត្រីមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១២ខែតុលាឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១៧ខាងជើងផ្សារថ្មី ជិត បេនឡាន បាត់ដំបង ស្ថិតនៅតាមបណ្ដោយផ្លូវ ១២៦ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ អ៊ូ មករា ហៅ(អាម៉ាប់) ភេទប្រុស អាយុ ៣០ឆ្នាំជាងជនជាតិខ្មែរ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
បើតាមសម្ដីប្រជាពលរដ្ឋម្នាក់ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញជនរងគ្រោះបានដើរចូលទៅផ្ទះកើតលេងហ្គេមបាញ់ត្រី មួយសន្ទុះក៏បានចូលទៅក្នុងបន្ទប់ទឹកមិនបានចេញមកវិញ ខណៈនោះមាន បុរសម្នាក់ បានដើរចូលទៅបន្ទប់ទឹកដែរក៏ស្រាប់តែឃើញ ជនរងគ្រោះចង.កជាមួយនឹងក្រម៉ា ជាប់និងចម្រឹងបង្អួចស្លាប់បាត់ទៅហើយ ។ ភ្លាមៗក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកជិតខាងរួចរាយការណ៍ប្រាប់សមត្ថកិច្ច មូលដ្ឋានឲ្យចុះមកដល់យកខ្សែព័ទ្ធកន្លែងកើតហេតុមិនឲ្យអ្នកណាចូលហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យជាក់ស្ដែង ។
ប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះធ្លាប់ជាប់មណ្ឌលកែប្រែទើបតែចេញ ដោយមិនមានផ្ទះសម្បែងស្នាក់នៅពិតប្រាកដនោះទេ ដើរទៅជ្រកកោនគ្រប់ទីកន្លែងហើយមិនដឹងថា មានរឿងអ្វីនោះទេ បានជាមកចង.កសម្លាប់ខ្លួនបែបនេះ ។
ក្រោយមកសមត្ថកិច្ច ជំនាញបានពិនិត្យនិងធ្វើកោសល្យវិច្ឆ័យបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ រួចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែ៕